(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៦នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។
បើតាមសេចក្ដីរាយការណ៍, ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះ នៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន៥នាក់ (ស្លាប់២) និងនៅមន្ទីរពេទ្យអង្គឌួង ចំនួន៥នាក់ (ស្លាប់២)។
សូមជម្រាបថា ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕