លោក ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងស្តីពីពន្ធអប្បបរមាសាជីវកម្មសកល

Posted By: RoogRog Robot | 22-Jan-2025 22:04:28

2025-01-22 09:56pm

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសថា កិច្ចព្រមព្រៀងពន្ធអប្បបរមាសាជីវកម្មសកល <<លែងមានអនុភាព ឬធរមាន>> នៅសហរដ្ឋអាមេរិកទៀតហើយ ដោយលោកបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះដែលបានព្រមព្រៀងនៅឆ្នាំ២០២១ ដោយរដ្ឋាភិបាលរបស់លោក ចូ បៃឌិន ជាមួយប្រទេសជិត១៤០។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក ត្រាំ តាមរយៈអនុស្សរណៈរបស់ប្រធានាធិបតីដែលបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែង ក៏បានបញ្ជាឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិករៀបចំជម្រើសនានាសម្រាប់ជា <<វិធានការការពារ>> ប្រឆាំងនឹងប្រទេសដែលដាក់ឬទំនងជាងដាក់កិច្ចព្រមព្រៀងនេះជាធរមានដែលជះឥទ្ធិពលមិនសមាមាត្រដល់ក្រុមហ៊ុនអាមេរិក។

សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀតបានអនុម័តពន្ធអប្បបរមាសាជីវកម្មសកលចំនួន ១៥% ប៉ុន្តែសភាសហរដ្ឋអាមេរិកមិនដែលអនុម័តវិធានការនានាដើម្បីឱ្យសហរដ្ឋអាមេរិកគោរពតាមកិច្ចព្រមព្រៀងពន្ធសកលនេះទេ។ សហរដ្ឋអាមេរិកមានពន្ធអប្បបរមាសកលប្រហែល ១០% ពោលគឺជាផ្នែកមួយនៃកញ្ចប់កាត់បន្ថយពន្ធឆ្នាំ២០១៧ របស់លោក ត្រាំ ដែលត្រូវបានអនុម័តដោយគណបក្សសាធារណរដ្ឋ។

ប៉ុន្តែបណ្តាប្រទេសដែលបានអនុម័តពន្ធអប្បបរមាសកល ១៥% អាចស្ថិតក្នុងស្ថានភាពមួយដែលអាចប្រមូលពន្ធបន្ថែមបង្គ្រប់ពីក្រុមហ៊ុនអាមេរិកដែលបង់ពន្ធក្នុងអត្រាទាបជាងពន្ធអប្បបរមាសកល។ អនុស្សរណៈរបស់លោក ត្រាំ បានហៅវិធានការយកពន្ធបន្ថែមនេះថាជា <<ការសងសឹក>>។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អនុស្សរណៈនេះបានឱ្យដឹងថា៖ <<ដោយសារតែកិច្ចព្រមព្រៀងពន្ធសកល និងការអនុវត្តពន្ធបរទេសបែបរើសអើងផ្សេងទៀត ក្រុមហ៊ុនអាមេរិកអាចនឹងប្រឈមរបបពន្ធអន្តរជាតិបែបសងសឹក ប្រសិនបើសហរដ្ឋអាមេរិកមិនគោរពតាមគោលបំណងគោលនយោបាយពន្ធបរទេស>>។

អនុស្សារណៈនេះបានឱ្យដឹងទៀតថា៖ <<អនុស្សរណៈនេះដណ្តើមយកអធិបតេយ្យភាព និងការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសយើងមកវិញតាមរយៈការបញ្ជាក់ថា កិច្ចព្រមព្រៀងពន្ធសកលមិនមានអនុភាព ឬធរមាននៅសហរដ្ឋអាមេរិក>>។

កាលពីឆ្នាំ២០២១ អតីតរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បានយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីកិច្ចព្រមព្រៀងពន្ធអប្បបរមាសាជីវកម្មសកលនេះ ក្រោយពេលដែលមានការជាប់គាំងការចរចារអស់រយៈពេលជាច្រើនឆ្នាំស្តីពីបញ្ហាពន្ធសកលនេះដែលដំបូងឡើយរៀបចំដោយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ក្នុងគោលបំណងបញ្ចប់ការកាត់បន្ថយអត្រាពន្ធសាជីវកម្មដើម្បីភាពចំណេញខាងផ្នែកប្រកួតប្រជែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...