(ប៉ារីស)៖ ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ជួបប្រជុំគ្នានៅទីក្រុងប៉ារីស ថ្ងៃពុធនេះ ដើម្បីពិភាក្សាពីបញ្ហាអ៊ុយក្រែន និងសេដ្ឋកិច្ច។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅចំពេលដែលអឺរ៉ុបកំពុងរៀបចំយុទ្ធសាស្ត្ររួម ឆ្លើយតបទៅនឹងការគំរាមដាក់ពន្ធបន្ថែម ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។
លោក ត្រាំ ដែលធ្លាប់បានគំរាមប្រទេសជាច្រើនជុំវិញការដំឡើងពន្ធ បានព្រមានកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុបកំពុងធ្វើពាណិជ្ជកម្មមិនយុត្តិធម៌ ជាមួយសហរដ្ឋអាមេរិក។ <<សហភាពអឺរ៉ុបគឺអាក្រក់ណាស់សម្រាប់យើង>> លោកបានបញ្ជាក់។
បណ្តាប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុប ដែលពឹងផ្អែកខ្លាំងលើការនាំចេញកំពុងសម្តែងការព្រួយបារម្ភ ចំពោះលទ្ធភាពនៃការបើកជម្លោះពាណិជ្ជកម្មថ្មី ជាមួយសហរដ្ឋអាមេរិក។ ការព្រួយបារម្ភនេះកាន់តែធ្ងន់ធ្ងរ ថ្បិតពួកគេកំពុងជួបប្រទះនឹងការចំណាយថាមពល កើនឡើងខ្ពស់ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន ស្របពេលជាមួយគ្នានឹងការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មជាមួយប្រទេសចិន។
ទោះជាយ៉ាងណា ការឯកភាពគ្នាជុំវិញ វិធីសាស្រ្តឆ្លើយតបនៅមិនទាន់មាន ពេញលេញនៅឡើយទេ ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប។ អ្នកនាំពាក្យ រដ្ឋាភិបាលបារាំងបានសង្កត់ធ្ងន់ថា <<ទាំងអឺរ៉ុបនិងសហរដ្ឋអាមេរិក មិនចង់ឱ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងនោះទេ>> ដោយបានបន្ថែមថា <<យើងត្រូវតែ... បង្ហាញពីជំហរដ៏រឹងមាំរបស់យើង>>។
ប្រភពរដ្ឋាភិបាលបារាំងមួយ ដែលសុំមិនបញ្ចេញឈ្មោះ បានសង្កត់ធ្ងន់ថា <<ទំនាក់ទំនងរវាងបារាំង និងអាល្លឺម៉ង់ ចាំបាច់ត្រូវតែធ្វើឱ្យកាន់តែស្អិតរមួត ឡើងវិញឱ្យបានឆាប់រហ័ស>>។ ប្រភពដដែលបានបន្ថែមថា <<អឺរ៉ុបត្រូវការ ភាពជាដៃគូដ៏រឹងមាំរវាងបារាំង និងអាល្លឺម៉ង់>>។
ទោះជាយ៉ាងណា ទស្សនៈរបស់បារាំង និងអាល្លឺម៉ង់នៅតែមិនស្របគ្នា ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ អាល្លឺម៉ង់កំពុងជំរុញយ៉ាងសកម្មឱ្យមានកិច្ចព្រមព្រៀង បែបនេះ ខណៈដែលបារាំងប្រកាន់ជំហរថា សហភាពអឺរ៉ុបត្រូវតែប្រឆាំង ដាច់ខាត ចំពោះការបង្ខិតបង្ខំសេដ្ឋកិច្ច និងត្រៀមខ្លួន ដាក់ពន្ធសងសឹក ប្រសិនបើចាំបាច់៕