(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្ញើសារជូនពរលោកជំទាវ ក្នុងឱកាសខួបចម្រើនជន្មាយុ។
សារលិខិតរបស់លោកជំទាវមានខ្លឹមសារដូច្នេះថា៖ <<នាងខ្ញុំ សូមគោរពសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសារលិខិតជូនពរក្នុងឱកាស ខួបកំណើតរបស់នាងខ្ញុំ ដែលប្រកបដោយអត្ថន័យដ៏ប្រពៃថ្លៃថ្លាពី សម្តេចមហារដ្ឋសភាធិការធិបតី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ។ នាងខ្ញុំរីករាយសូមទទួលពរជ័យតាមរយៈសារលិខិតនេះ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំ សូមសម្ដែងនូវការគោរពកោតសរសើរយ៉ាងជ្រាលជ្រៅដោយស្មោះ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដោយក្នុងតួនាទីជាប្រធានរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច បានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ តាមរយៈការស្ថាបនា ថែរក្សា ពង្រឹង និងលើកតម្កើងនីតិរដ្ឋ ឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿន សម្រាប់ជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល។
សូម សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ បរិបូណ៌ វិបុលសុខគ្រប់ប្រការ និងប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ>>៕