​វិភាគអន្តរជាតិ៖ តើបទឈប់បាញ់ មានន័យយ៉ាងណាចំពោះហាម៉ាស និងអ៉ីស្រាអែល?

Posted By: RoogRog Robot | 22-Jan-2025 21:20:25

2025-01-22 08:49pm

(វ៉ាស៊ីនតោន)៖ សង្រ្គាមចំណាយពេលយូរបំផុតមួយរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា គិតមកទល់នឹងពេលនេះ បានបរាជ័យក្នុងការកម្ទេចសត្រូវដ៏ចម្បងមួយរបស់ខ្លួន នោះគឺក្រុមហាម៉ាសដែលបើទោះជាបានខាតបង់ យ៉ាងសម្បើមក៏ដោយ ក៏នៅតែចាត់ទុកថាការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា ជាជ័យជម្នះមួយសម្រាប់ពួកគេ និងជាបរាជ័យរបស់អ៉ីស្រាអែល។ ភ្លាមៗក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា ក្រុមអ្នកប្រយុទ្ធហាម៉ាសបិទមុខ និងដៃកាន់កាំភ្លើងបានលេចមុខនៅឯទីលាន Al Saraya Square ក្នុងទីក្រុងហ្កាហ្សា អំឡុងការដោះលែងចំណាប់ខ្មាំង ហើយទទួលបានការអបសាទរពីសំណាក់ប្រជាជនហ្កាហ្សា។ ការលេចមុខឡើងវិញរបស់ក្រុមអ្នកប្រយុទ្ធហាម៉ាសបានបញ្ជាក់ថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅតែរស់រានមានជីវិត ក្នុងសង្រ្គាមចាយពេលជាង១៥ខែមកនេះ ក្រោយអ៉ីស្រាអែលដាក់គោលដៅកម្ទេចហាម៉ាស។

គោលដៅចម្បងមួយរបស់ក្រុមហាម៉ាស ក្នុងការវាយប្រហារលើអ៉ីស្រាអែល និងចាប់ចំណាប់ខ្មាំងជាង ២៥០នាក់ចូលទៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នោះគឺធានាឱ្យបាននូវការដោះលែង អ្នកទោសប៉ាឡេស្ទីនកំពុងជាប់ឃុំនៅពន្ធនាគារអ៉ីស្រាអែល ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ ខណៈអ៉ីស្រាអែលទម្លាក់គ្រាប់បែក និងបើកប្រតិបត្តិការវាយលុកថ្មើរជើងលើហ្កាហ្សាជាការឆ្លើយតប ក្រុមហាម៉ាសបាន សន្យាថាពួកគេនឹងមិនដោះលែងចំណាប់ខ្មាំងនោះទេ រហូតទាល់តែអ៉ីស្រាអែលដកកងទ័ព បញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ និងអនុញ្ញាតឱ្យមានការកសាងតំបន់ហ្កាហ្សាឡើងវិញ។ បន្ទាប់ពីប្រយុទ្ធគ្នាច្រើនជាងមួយឆ្នាំមកនេះ ហាម៉ាស និងអ៉ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងជាដំណាក់កាលៗនៃឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង។ ក្រោមដំណាក់កាលទី១ដែលបានចូលជាធរមាន បទឈប់បាញ់មានរយៈពេល ៦សប្ដាហ៍ ហើយចំណាប់ខ្មាំង ៣៣នាក់នឹងត្រូវបានដោះលែង។ ប៉ុន្តែ ដំណាក់កាលទី២ និងទី៣ ត្រូវបន្តកិច្ចចរចាអំឡុងដំណាក់កាលទី១ ហើយណាមួយគេមិនទាន់ច្បាស់ថាតើបទឈប់បាញ់ដំណាក់កាលទី១ មានភាពរឹងមាំប៉ុនណា ទេ ខណៈនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាអ៉ីស្រាអែលរក្សាសិទ្ធិធ្វើសង្រ្គាមឡើងវិញនៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើចាំបាច់។

លោក Khalil Al Hayya ដែលជាអ្នកដឹកនាំកិច្ចចរចារបស់ហាម៉ាស បានលើកឡើងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃទី១៥ ខែមករា ថាអ៉ីស្រាអែលបានបរាជ័យក្នុងការសម្រេចគោលដៅសង្រ្គាមរបស់ខ្លួន និងបានកោតសរសើរ កងពលតូច អាល់កសឹមរបស់ហាម៉ាស (Al Qassam Brigades) ដែលត្រូវបានអ្នកនាំពាក្យហាម៉ាសម្នាក់ គឺលោក អាប៊ូ អ៊ូប៉ៃដាស់ (Abu Obaida) ចាត់ទុកថាជាគំរូសម្រាប់អ្នកជំនាន់ក្រោយប៉ាឡេស្ទីន។ ដោយឡែក រដ្ឋមន្ត្រី និងសមាជិកសភាអ៉ីស្រាអែលមួយចំនួន រួមទាំងក្រុមគ្រួសារសាច់ញាតិចំណាប់ខ្មាំងមួយចំនួនតូច ក៏បានចាត់ទុកដែរថាការទទួលយកបទឈប់បាញ់ជាមួយហាម៉ាសគឺជាបរាជ័យមួយសម្រាប់អ៉ីស្រាអែល។ ក្នុងនោះ រដ្ឋមន្ត្រីស្ដាំនិយមជ្រុល លោក Itamar Ben Gvir និងគណបក្សរបស់លោកបានប្រកាសដើរចេញពីរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ និងរដ្ឋសភា ដោយហៅបទឈប់បាញ់ថាជា <<ការចុះចាញ់>> ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich ក៏បានហៅបទបាញ់ថាជា <<មហន្តរាយ>> ផងដែរ។

* ហាម៉ាសនៅមានជីវិត គឺជាបរាជ័យសម្រាប់អ៉ីស្រាអែលការឆ្លើយតបរបស់អ៉ីស្រាអែលទៅនឹងក្រុមហាម៉ាស សម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយដ៏ធំមួយមិនធ្លាប់មាន ដោយបានកម្ទេចតំបន់ហ្កាហ្សាស្ទើរតែរាបដល់ដី និងបានសម្លាប់ ជនជាតិប៉ាឡេស្ទីនជាង ៤៧ ០០០នាក់ រីឯរាប់សែននាក់ផ្សេងទៀតត្រូវបង្ខំចិត្តរស់នៅក្នុងតង់ ដោយខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ។ អ៉ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស ជាច្រើននាក់ ក្នុងនោះរួមមានទាំង លោក Yahya Sinwar ដែលត្រូវបានចាត់ទុកថាជាមេគំនិតនៅពីក្រោយការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ព្រមទាំងក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់។ មិនតែប៉ុណ្ណោះ កងទ័ពអ៉ីស្រាអែលថែមទាំង បានបំបាក់ក្រុមហេសបូឡានៅលីបង់ និងធ្វើឱ្យឥទ្ធិពលរបស់អ៉ីរ៉ង់ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់ហាម៉ាសចុះខ្សោយទៀតផង។ និយាយជារួមអ្វីដែលគេពិបាកនឹងប្រកែក សង្រ្គាមរបស់អ៉ីស្រាអែលពិតជាបានធ្វើឱ្យសមត្ថភាពរបស់ ហាម៉ាសចុះខ្សោយ ហើយតាមរយៈការបង្រ្កាបឥទ្ធិពលរបស់ហេសបូឡា និងអ៉ីរ៉ង់ វាកាន់តែធ្វើឱ្យហាម៉ាសឯកោ ទៅទៀត។

ប៉ុន្តែ ក្រោយបទឈប់បាញ់ចូលជាធរមាន ហាម៉ាសបានបង្ហាញដល់ប្រជាជនប៉ាឡេស្ទីនថាពួកគេនៅតែជាចលនាតស៊ូប្រដាប់អាវុធមួយដែលមានសមត្ថភាពតតាំងជាមួយអ៉ីស្រាអែល និងអាចជ្រើសរើសអ្នកប្រយុទ្ធថ្មីៗបន្ថែមដើម្បីជំនួស អ្នកប្រយុទ្ធដែលបានស្លាប់។ <<នៅពេលដែលអ៉ីស្រាអែលបញ្ចប់ទាំងស្រុងនូវប្រតិបត្តិការយោធារបស់ខ្លួន និងដកទ័ព ក្រុមហាម៉ាសតែងតែអាចប្រមូលផ្ដុំកម្លាំងឡើងវិញ ហើយលេចមុខជាថ្មី នោះក៏ដោយសារតែគ្មាននរណាផ្សេងបំពេញ ចន្លោះទំនេរទាំងនោះ>>។ នេះជាការលើកឡើងរបស់លោក Antony Blinken អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនៅឯវិទ្យាស្ថាន Atlantic Council កាលពីពេលថ្មីៗនេះជាមួយការបន្ថែមថា <<ជាពិសេស យើងបានតម្លៃថាហាម៉ាស បានជ្រើសរើសអ្នកប្រយុទ្ធថ្មីៗគ្រប់គ្រាន់ ដើម្បីជំនួសអ្នកប្រយុទ្ធដែលបានស្លាប់។ នេះហើយជារូបមន្តសម្រាប់បន្តការតស៊ូ និងសង្រ្គាមយូរអង្វែង>>។

លោកស្រី Tahani Mustafa វិញជាអ្នកវិភាគជាន់ខ្ពសម្នាក់មកពីស្ថានប័ន International Crisis Group (ICG) យល់ថាការឈឺចាប់ និងការបាត់បង់ដែលអ៉ីស្រាអែលផ្ដល់ទៅឱ្យប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បានបង្កើត ស្ថានការណ៍អំណោយផលដល់ក្រុមហាម៉ាស ក្នុងការបញ្ចុះបញ្ចូលឱ្យប្រជាជនប៉ាឡេស្ទីនកាន់អាវុធចូលរួមប្រយុទ្ធជាមួយពួកគេប្រឆាំងនឹងអ៉ីស្រាអែល។ <<ការជ្រើសរើសអ្នកប្រយុទ្ធថ្មីៗបានកើនឡើង នៅពេលដែលការកាន់កាប់ និងអំពើហិង្សាបានកើតឡើង>>។ នេះបើតាមលោកស្រី Tahani Mustafa។ តាមអ្នកវិភាគរូបនេះ ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាដែលបានឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេស្លាប់ និងបានបាត់បង់អ្វីៗគ្រប់យ៉ាង ប្រាកដណាស់ពួកគេងាយនឹងត្រូវបានបញ្ចុះបញ្ចូលដោយហាម៉ាសថាសង្រ្គាមរបស់ពួកគេជាមួយអ៉ីស្រាអែល គឺដើម្បីការរស់រានមានជីវិត។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានៅឯវិទ្យាស្ថាន Atlantic Council លោក Blinken បាននិយាយថាសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ទៅកាន់រដ្ឋាភិបាលអ៉ីស្រាអែលថាហាម៉ាសមិនអាចត្រូវបានបង្ក្រាបដោយប្រតិបត្តិការយោធាតែមួយមុខ នោះទេ ហើយបើមិនមានផែនការច្បាស់លាស់សម្រាប់តំបន់ហ្កាហ្សានៅក្រោយសង្រ្គាមបញ្ចប់ទេ ឬក៏បើគ្មានចលនានយោបាយណាមួយផ្សេងដែលប្រជាជនប៉ាឡេស្ទីនជឿទុកចិត្តទេ នោះក្រុមហាម៉ាសនឹងនៅតែអាចត្រឡប់មកវិញ ជាមួយការរីកធំធាត់ក៏ថាបាន។ សម្រាប់លោកស្រី Tahani Mustafa ចំពោះអ៉ីស្រាអែល ការរស់រានមានជីវិតរបស់ហាម៉ាសអាចត្រូវបានចាត់ទុកថាជា <<បរាជ័យមួយ>>៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...