ស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ ឱ្យមានប្រសិទ្ធិភាពខ្ពស់

Posted By: RoogRog Robot | 22-Jan-2025 21:14:07

2025-01-22 09:07pm

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសការបង្ក្រាបគ្រឿងញៀនខុសច្បាប់ និងក្មេងទំនើង ដែលតែងតែបង្ករបញ្ហានៅក្នុងមូលដ្ឋានរបស់យើង។

ការថ្លែងណែនាំ និងដាក់បទបញ្ជាបែបនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិប្រចាំ​ខែមករា និងលើកទិសដៅការងារ​បន្ត​ របស់ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួម​ពី លោក-លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុផែន លោក-លោកស្រី​ នាយ-នាយរងការិយាល័យ​ នាយផ្នែក​ លោកអធិការ​ លោក-លោក​ស្រី អធិការរងនគរបាល​ ក្រុង ស្រុក ទាំង០៨​ និងនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទាំង​៥១​ឃុំ សង្កាត់​ ផងដែរ។

នៅក្នុងឱកាសនោះ លោក​វរសេនីយ៍ឯក​​ ឆន​ សំអុល​​ នាយការិយាល័យសរុប​ផែនការ​ អានរបាយការណ៍បូកសរុបលទ្ធផលកិច្ច​ប្រតិបត្តិការ​ប្រចាំ​ខែមករា ដោយឡែកលោក​ឧត្ដមសេនីយ៍​ត្រី​ ឆយ​ បូរិន​ ស្នងការរង​ទទួល​ផែនការ​ងារ​សេនាធិការ​ បានរាយការណ៍​អំពី​វឌ្ឍនភាព​កសាងផែនការ​សកម្មភាព​រយះពេល​០៥ឆ្នាំ​ (២០២៤-២០២៨) ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ លោក​វរសេនីយ៍ឯក​ ហែម​ ងួន​សេង​ ស្នងការរង​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ មាន​វិធានការ​លើការងារ​គ្រប់គ្រង​ និងចុះបញ្ជីស្នាក់​នៅ​ របស់ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឱ្យ​បានត្រឹមត្រូវតាមនីតិវិធី​ ដើម្បី​បម្រើ​ការងារ​ជំនាញ និងលោក​វរសេនីយ៍ឯក​ ​សាយ​ ដេត​ ស្នងការរង​ផែនការ​ងារសន្តិសុខ​ រាយការណ៍​ និងមានវិធានការលើសភាពការណ៍សន្តិសុខទូទៅ ក្នុងភូមិសាស្ត្ររួចមក។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច យ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណៈ បម្រើសេវាចំបាច់ទូទៅបានយ៉ាងល្អ។ លោកក៏បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដើម្បីសុំយោបល់ និងគោលការណ៍ ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានផ្តល់អនុសាសន៍ដឹកនាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ​ ឱ្យបន្តយកចិត្តទុកដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ​ និងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ:​ ជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន​ មិនតែប៉ុណ្ណោះលោកបានជំរុញបន្ថែមទៅលើការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ ឱ្យមានប្រសិទ្ធិភាព ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ក៏ដូចជាបទល្មើសផ្សេងៗទៀតនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាន៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...