លោក កែវ រតនៈ និងលោក ខូយ រីដា អញ្ជើញចូលរួមសន្និបាតនិងទទួលថវិកាចំនួន១០០លានរៀលពីមហាគ្រួសារសតិប្បដ្ឋាន សម្រាប់កសាងអគារមន្ទីរពេទ្យខេត្តពោធិ៍សាត់

Posted By: RoogRog Robot | 22-Jan-2025 21:03:38

2025-01-22 08:58pm

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងសន្និបាតប្រចាំឆ្នាំ២០២៤ និងប្រគល់ជូនថវិកា ចំនួន១០០លានរៀល សម្រាប់ចូលរួមកសាងអាគារមន្ទីរពេទ្យខេត្តពោធិ៍សាត់ របស់គ្រួសារសតិប្បដ្ឋាន ដែលបានប្រារព្ធធ្វើនៅសាលប្រជុំធំ ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីអ្នកមុខ អ្នកការមួយចំនួនទៀត។ បន្ទាប់ពីលោកគ្រូ អ៊ឹម រៃយ៉ា ជាប្រមុខនៃគ្រួសារសតិប្បដ្ឋាន បានលើកឡើងថា សាលាកូនសិស្សសតិប្បដ្ឋានមកពីបាត់ដឹង ភ្នំព្រឹក ភ្នំពេញ ពោធិ៍សាត់ ប៉ោយប៉ែត ក្រុងព្រះសីហនុ តាកែវ កំពត កូនក្អែក ស្រីសន្ធរ និងជាំក្រវៀនជាង១០០០នាក់ ដោយបាននាំយកថវិកា១០០លានរៀល ប្រគល់ជូនលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត សម្រាប់រួមចំណែក កសាងអគារនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ហេតុកើតឡើងនៃគ្រួសារសតិប្បដ្ឋាននាពេលនេះ គឺដោយសារកម្លាំងមហាសាមគ្គី និងបានសិក្សាស្វែងយល់អំពីការអប់រំ សីលធម៌ តាមពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធ និងការប្រតិបត្តិ ដើម្បីរួចចាកទុក្ខ។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រួសារសតិប្បដ្ឋាន ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការកសាងអគារនៅក្នុងមន្ទីរមន្ទីរពេទ្យបង្អែកខេត្ត ងាយស្រួលជួយសង្គ្រោះដល់អ្នកជំងឺទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ចំពោះថវិកា ចំនួន១០០លានរៀល ដែលទទួលបានពីគ្រួសារសតិប្បដ្ឋាននាពេលនេះ សូមសន្យាថានឹងប្រើប្រាស់ឱ្យចំគោលដៅ មិនឱ្យខុសបំណងនោះឡើយ ហើយសង្ឃឹមថា នឹងមានសប្បុរសជនដ៏ទៃទៀត ចូលរួមជួយឧបត្ថម្ភជាបន្តបន្ទាប់ទៀត ជាក់ជាមិនខាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្ត គឺជាទីកន្លែងមួយយ៉ាងសំខាន់ នៅក្នុងយុគសម័យឌីជីថល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ជាការពិតណាស់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងជាស្ថាបនិកសន្តិភាពរបស់កម្ពុជា និងបន្តមកដល់អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា និយាយជារួមនិងដោយឡែកខេត្តពោធិ៍សាត់ កាន់តែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច សោភណ្ឌភាពបរិស្ថាន និងជំនឿទៅតាមទំនៀមទំលាប់ប្រពៃណី។

លោក កែវ រតនៈ បានជម្រាបជូនថា ទាំងអស់នេះ គឺចាំបាច់ណាស់ ក្នុងការចូលរួមចំណែកពីសំណាក់សប្បុរសជន ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស។ គម្រោងសាងសង់អាគារសង្គ្រោះបន្ទាន់ គឺជាគំនិតផ្តួចផ្តើមឡើងដោយអភិបាលនៃគណៈអភិបាលខេត្ត រួមទាំងរូបលោកផ្ទាល់ ដោយឈរឈ្មោះកៀងគររកសប្បុរសជនគ្រប់មជ្ឈដ្ឋាន សាងសង់អគារមួយខ្នង ដែលមានកម្ពស់៥ជាន់ បំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដោយជាន់ទី១ សម្រាប់ប្រើប្រាស់លើផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់, ជាន់ទី២ ប្រើប្រាស់លើផ្នែកសង្ក្រោះកម្រិតមធ្យម, ជាន់ទី៣ លើផ្នែកសម្រាកព្យាបាល, ជាន់ទី៤ លើផ្នែកក្រពះ ពោះវៀន, ជាន់ទី៥ លើផ្នែក តម្រងនោម និងជាន់លើ សម្រាប់ស្តារនីតិសម្បទា។

ក្នុងនាមរដ្ឋមន្ត្រី លោកសូមប្រសិទ្ធិពរ បរសួស្តីដល់គ្រួសារសតិប្បដ្ឋានទាំងអស់ ឱ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕




























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...