សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៥

Posted By: RoogRog Robot | 22-Jan-2025 16:44:35

2025-01-22 04:37pm

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាព​ការងារឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីបានស្តាប់បាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់សាខា ឆ្នាំ២០២៥រួច លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងការកោតសរសើរនិងវាយតម្លៃ​ខ្ពស់ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទ​ក្រហមកម្ពុជា រយៈពេល១២ខែ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចសង្គម មានដំណើរការល្អប្រសើរ ដែលបង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាពពិសេសការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ក៏ដូចជាការថែទាំសុខភាពសហគមន៍ ការអប់រំផ្សព្វផ្សាយស្តីពីការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍស្ថាប័ន ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក <<ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា>>។

លោកបណ្ឌិត ក៏បានក្រើនរំលឹក និងជំរុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេសត្រូវយកចិត្តទុកដាក់ ធ្វើឱ្យការផ្តល់សេវាកម្មមនុស្សធម៌​កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបានក្នុងការអនុវត្តវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...