បណ្ឌិត ជាម ច័ន្ទសោភ័ណ៖ ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នាប្រកបដោយសុខក្សេមក្សាន្ត

Posted By: RoogRog Robot | 22-Jan-2025 16:22:34

2025-01-22 04:17pm

(ខេត្តកំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំ​បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបាននាំយមកនូវមកនូវសុខសន្តិភាពបានធ្វើឱ្យសាសនា​ទាំងអស់​រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី ២១ខែមករា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ ផ្សព្វផ្សាយខ្លឹមសារព្រះរាជសង្ឃប្រកាសអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ សម្រាប់ខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងដូចនេះថា <<រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែលបានដឹកនាំ​បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះជាតថភាពមួយដែលឆ្លុះបញ្ចាំង​ឱ្យឃើញពីគុណតម្លៃ​នៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

ជាមួយគ្នានោះ លោកបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ បានរំលឹកថា ក្រោយថ្ងៃរំដោះប្រាំពីរមករាឆ្នាំ១៩៧៩ មានព្រះសង្ឃតែ ០៧អង្គប៉ុណ្ណោះ ខណៈព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមទទួលនូវឥទ្ធិពលសាសនា​ព្រះពុទ្ធតាំង​ពីសតវត្សរ៍ទី​៥ នៃគ្រិស្តសករាជមកម្ល៉េះ ដែលនៅពេលនោះសាសនានេះត្រូវបានប្រតិបត្តិ និងរួម​បញ្ចូលទៅក្នុងវប្បធម៌ និងអរិយធម៌ខ្មែរ។

ជាច្រើនសតវត្សរ៍កន្លងមកទៀត ប្រទេស​កម្ពុជា​បាន​ឃើញសម័យកាលនៃការទទួលយក និងការសម្របខ្លួន ដោយលាយបញ្ចូល​ព្រះពុទ្ធសាសនាជាមួយសាសនាហិណ្ឌូ និងជំនឿអរូបីក្នុងស្រុក ជាពិសេសក្នុងសម័យ​អង្គរ​ ក្រោមការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលរជ្ជកាលរបស់ព្រះអង្គត្រូវបាន​កត់​សម្គាល់ ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានៃសាសនា ហើយ​ដែល​សុខដុមនាយកម្មផ្នែកសាសនានេះ បានរួមចំណែកទៅដល់សុខសន្តិភាព និង​ស្ថេរភាពសង្គម។

នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ការកំណត់យកសាសនា​ព្រះ​ពុទ្ធ​និកាយថេរ​វាទ​ជាសាសនារបស់រដ្ឋមានចាប់តាំងពីឆ្នាំ១៩៩៣មក។ ខណៈ​ដែល​​ជម្លោះ​សាសនា​​បាន​និង​​កំពុង​​ផ្ទុះ​ឡើង​​នៅ​ក្នុង​​ប្រទេស​​ជា​ច្រើន​​ជា​ពិសេស​​ក្នុង​ប្រទេស​​ជិត​ខាង​​ដូច​ជា​​ថៃ​និង​​ភូមា​​ជាដើម​​នោះ​ នៅ​​កម្ពុជា ព្រះពុទ្ធ​​សាសនា​​​ដែល​ជា​​សាសនា​​របស់​​ជាតិ​ និង​​សាសនា​អ៊ីស្លាម​​​ ក៏ដូចជា​សាសនា​ផ្សេងទៀត​ បានរួម​រស់​ជាមួយគ្នា​ប្រកបដោយ​ភាពសុខដុមរមនា។ នេះ​ជា​សេចក្តីសុខ​នៃ​សង្គម​កម្ពុជា​ដែលមាន​តាំងពី​យូរយា​រណាស់​មកហើយ។ យ៉ាងណាក៏ដោយការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​សាសនា​ ជា​រឿង​ដែល​មិន​អាច​​មើលរំលង​បានឡើយ​ដើម្បី​ឲ្យ​​ភាពសុខដុមរមនា​ខាង​សាសនា​មាន​និរន្តរភាព។

ក្នុងឱកាសបិទការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២នេះដែរ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត សូមឯកភាពជាមួយនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម៥ របស់ព្រះពុទ្ធសាសនារួមមាន ៖ ១៖ បព្វជ្ជា (ការបួស) ២៖ បរិយត្តិ (ការសិក្សា) ៣៖ បដិបត្តិ ( ការប្រតិបត្តិ) ៤៖ បដិវេធៈ(លទ្ធផល) ៥៖ បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ របស់ក្រសួងធម្មការ និងសាសនា សម្រាប់វត្តអារាម គឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជារាជធានានី ដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌និងសាសនា។

លោកបណ្ឌិត សូមបវរណាដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ សូមគោរពប្រតិបត្តិនូវព្រះធម៌វិន័យ ខិតខំសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ ភាសាបាលី សំស្ក្រឹត សូត្រគម្ពីរព្រះត្រ័យបិដក​សូត្របាតិមោក្ខ និងសិក្សាប្រព័ន្ទបច្ចេកវិទ្យាឌីជីថល ដើម្បីជាទន់ក្នុងការផ្តល់នូវឱវាទដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោក ខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃ​នៃព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...