(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៤ ខែមករានេះ បានធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៨៦នាក់។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលក្នុងឱកាសជួបជុំជាមួយមន្ត្រីសុខាភិបាលទាំងអស់នាដើមឆ្នាំ ២០២៥ និងបានណែនាំពីការប្រើប្រាស់ពេលឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចភារកិច្ចអោយកាន់តែបានច្រើន។
បន្ថែមពីលើនេះ លោកសាស្រ្តចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីសុខាភិបាលទាំងអស់ អំពីការប្រើប្រាស់ អាំងស៉ីញក្រសួងសុខាភិបាល (Logo) ដែលបានចែកជូន ក៏ដូចជាអត្ថន័យនៃការប្រើប្រាស់សញ្ញានេះ តំណាងឱ្យសេចក្តីស្រឡាញ់ពីស្ថាប័នជូនដល់មន្រ្តីសុខាភិបាលគ្រប់ឋានុក្រម ហើយបានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ ប្រើប្រាស់ស្លាកសញ្ញានេះ ដើម្បីបង្ហាញពីមនសិការវិជ្ជាជីវៈសុខាភិបាល។
ដោយមានសំណូមពរពីអ្នកចូលរួម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានរំលឹកមេរៀន <<ការគ្រប់គ្រងលើការបំពេញការងាររបស់មន្រ្តី-បុគ្គលិក Managing Staff Performance>>។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់គ្រប់គ្រងសមិទ្ធផលការងាររបស់បុគ្គលិកតាមអង្គភាព រួមមាន៖
១. ត្រូវពិនិត្យមើលសមត្ថភាព និងឥរិយាបថក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ
២. ត្រូវបញ្ជ្រាបគោលគំនិតកំណែទម្រង់ទៅក្នុងការងារ ដើម្បីឱ្យសមិទ្ធិផលមានភាពប្រសើរឡើង
៣. ធ្វើការវាស់វែងសមិទ្ធផលការងាររបស់បុគ្គលិកជាប្រចាំ
៤. រៀបចំឱ្យមានយន្តការប្រាស្រ័យទាក់ទង និងការផ្តល់ព័ត៌មានត្រឡប់រវាងបុគ្គលិកនិងថ្នាក់ដឹកនាំ
៥. បណ្តុះបណ្តាលឱ្យបុគ្គលិកចេះធ្វើនវានុវត្តន៍ការងារប្រចាំថ្ងៃ
៦. បង្កើតទម្លាប់ធ្វើការដែលផ្តោតលើការទទួលបានលទ្ធផលល្អ
៧. កំណត់គោលដៅដែលមានភាពសមស្របសម្រាប់បុគ្គលិកអាចឈានទៅសម្រេចបាន
៨. មានយុទ្ធសាស្រ្តសម្រាប់បង្កើនសមត្ថភាពបុគ្គលិកបន្ថែម៕