រដ្ឋមន្ត្រីសុខាភិបាល ជំរុញដល់មន្ដ្រីនាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម ដើម្បីត្រៀមដោះស្រាយបញ្ហាសំណុំរឿងផ្សេងៗឱ្យទាន់ពេលវេលាជូនពលរដ្ឋ

Posted By: RoogRog Robot | 14-Jan-2025 20:50:01

2025-01-14 08:44pm

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់មន្ដ្រីបុគ្គលិកផ្នែកនាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម ដើម្បីត្រៀមដោះស្រាយបញ្ហាសំណុំរឿងផ្សេងៗទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត​ ក្នុងឆ្នាំថ្មីនេះ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

លោកសាស្ដ្រាចារ្យបានបន្ដថា នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនរួមមាន៖

១)៖ នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌​

២)៖ នាយកដ្ឋាននីតិកម្ម ត្រូវតែធ្វើការគ្រប់គ្រងទៅលើកិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ

៣)៖ ប្រយុទ្ធប្រឆាំងនឹងភាពមិនត្រឹមត្រូវ​ ដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ចសហការ និងផ្នែកពាក់ព័ន្ធដើម្បីបានយល់គ្នាក្នុងភាពសុក្រិត

៤)៖ នាយកដ្ឋាននីតិកម្ម ត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា និងអ្នកផ្តល់សេវា

៥)៖ ត្រូវតែយកចិត្តទុកដាក់កំណែទម្រង់ជាយុទ្ធសាស្រ្តក្នុងការងារនីតិកម្ម ដោយសហការណ៍ជាមួយនាយកដ្ឋានឌីជីថល

៦)៖ សូមឱ្យពង្រឹងសមត្ថភាពមន្រ្តីតាមរយៈការបណ្តុះបណ្តាលបន្ត ការតាមដានត្រួតពិនិត្យលើច្បាប់លិខិតបទដ្ឋានគតិយុត្តរបស់ជាតិ-អន្តរជាតិ។

ជាមួយគ្នានោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋាននីតិកម្ម ដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការបម្រើការងារកន្លងមក ហើយលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្មទាំងអស់ ទទួលនូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសឆ្នាំថ្មីនេះ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...