(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងខេត្តបាត់ដំបង លោក ឡី សុខុន បានមើលឃើញថា ទណ្ឌិត សម រង្ស៊ី កំពុងប្រើយុទ្ធសាស្ត្រកេងចំណេញផ្នែកនយោបាយតាមរយៈឃាតកម្មលោក លិម គឹមយ៉ា ដោយព្យាយាមទម្លាក់កំហុស និងចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាល។
លោក លិម គឹមយ៉ា អតីតតំណាងរាស្ត្រ និងជាអតីតមេដឹកនាំមួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃាតកជាជនថៃ បាញ់សម្លាប់ពេលចុះពីរថយន្តក្រុងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ។
ឃាតកម្មលើលោក លិម គឹមយ៉ា ត្រូវបានទណ្ឌិត សម រង្ស៊ី ចេញមុខចោទប្រកាន់ភ្លាមៗលើសម្តេចតេជោ ហ៊ុន សែន ទាំងដែលខាងសមត្ថកិច្ចថៃ មិនទាន់បានបង្ហាញអ្វីទាំងអស់។ នៅពេលមានជីវិត លោក លិម គឹមយ៉ា អ្នកនយោបាយមកពីក្រុមលោក កឹម សុខា មិនធ្លាប់មានទំនាក់ទំនងអ្វីឱ្យជិតស្និទ្ធនោះឡើយជាមួយទណ្ឌិត សម រង្ស៊ី បើទោះបីរស់នៅបារាំង និងមានសញ្ជាតិបារាំងដូចគ្នានោះ។ នៅលើបណ្តាញសង្គមរបស់លោក លិម គឹមយ៉ា ក៏ធ្លាប់បានវាយប្រហារលើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ផងដែរ។
លោក ឡី សុខុន មនុស្សធ្លាប់រស់នៅក្នុងជម្រកអតីតបក្សសង្គ្រោះជាតិ និងធ្លាប់មានទំនាក់ទំនងជាមួយលោក លិម គឹមយ៉ា ផងនោះ បានឱ្យដឹងថាលោក លិម គឹមយ៉ា ជាមនុស្សមានទស្សនៈមិនត្រូវជាមួយគេនោះឡើយ ពេលនៅក្នុងបក្សប្រឆាំង លោកមានទាំងជម្លោះផ្ទៃក្នុងបក្ស និងជម្លោះបុគ្គល។ លោក ឡី សុខុន បានបញ្ជាក់ថា ពេលនៅជាមួយបក្សប្រឆាំងរូបលោក ក៏ធ្លាប់ប៉ះសម្តីខ្វែងទស្សនៈជាមួយលោក លិម គឹមយ៉ា ផងដែរ។
លោក ឡី សុខុន ក៏បានបញ្ជាក់ផងដែរថា លោក លិម គឹមយ៉ា មានទស្សនៈមិនត្រូវគ្នានោះឡើយ ជាមួយទណ្ឌិត សម រង្ស៊ី ហើយក៏ឧស្សាហ៍មានការខ្វែងគំនិត និងជម្លោះគ្នាផងដែរ។
លោក ឡី សុខុន បានលាតត្រដាងផងដែរថា ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយឈាមត្រជាក់មួយរូប ពោលដើម្បីបានចំណេញនយោបាយគេហ៊ានធ្វើអំពើទុច្ចរិតទាំងឡាយ សូម្បីជីវិតមនុស្ស ក៏គេហ៊ានចំណាយឱ្យតែចំណេញ។
អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិក្នុងខេត្តបាត់ដំបងរូបនេះ បានហៅការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយឃាតកម្មលោក លិម គឹមយ៉ា គឺជាការចោទប្រកាន់ ដើម្បីចំណេញផ្នែកនយោបាយ ដែលបុគ្គល សម រង្ស៊ី តែងតែធ្វើបែបនេះ រាល់ពេលមានបញ្ហាលើជនរិះគន់ ឬជំទាស់នឹងរាជរដ្ឋាភិបាល សូម្បីអ្នកនយោបាយប្រឆាំងរត់បុកទ្វារ ក៏គេចោទរាជរដ្ឋាភិបាល និងបក្សកាន់អំណាចដែរ។
លោក ឡី សុខុ បានគូសរំលេចថា ឃាតកម្មលោក លិម គឹមយ៉ា គ្មានហេតុផលអ្វីដែលគណបក្សកាន់អំណាចនៅកម្ពុជាជាអ្នកធ្វើនោះឡើយ ព្រោះថា លោក លិម គឹមយ៉ា មិនមែនជាអ្នកនយោបាយប្រឆាំងដែលលេចធ្លោ ឬវាយប្រហារខ្លាំងលើបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលនោះឡើយ បើធៀបនឹងមនុស្សប្រឆាំងដទៃទៀត។ លើសពីនេះទៀត សមរភូមិក្រុមប្រឆាំងក្នុងទិដ្ឋភាពនយោបាយខ្មែរនាពេលបច្ចុប្បន្ន បានស្ងប់ស្ងាត់ទៅហើយ ដូច្នេះគ្មានហេតុផលអ្វីដែលបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលត្រូវព្រួយបារម្ភ រហូតដល់ការសម្លាប់អ្នកប្រឆាំងនោះទេ។
ផ្ទុយទៅវិញ ការសម្លាប់មនុស្សប្រឆាំង គឺជាគំនិតរបស់មនុស្សប្រឆាំងនឹងរាជរដ្ឋាភិបាល ព្រោះថាការសម្លាប់មនុស្សប្រឆាំង នឹងធ្វើឱ្យសម្ពាធទាំងឡាយធ្លាក់លើបក្សកាន់អំណាច និងរាជរដ្ឋាភិបាល។
សម្រាប់ លោក ឡី សុខុន បានយល់ឃើញថា អ្វីដែលទណ្ឌិត សម រង្ស៊ី ចោទប្រកាន់លើសម្តេចតេជោ ហ៊ុន សែន គឺជារបៀបធ្វើនយោបាយដែល សម រង្ស៊ី តែងធ្វើតាំងពីដើមមក ហើយការចោទប្រកាន់នេះគ្មានមូលដ្ឋានអ្វីទាំងអស់៕