(ប៉េកាំង)៖ ថ្ងៃទី១០ ខែមករា កម្មវិធី <<រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥>> ដែលរៀបចំនិងផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទីពីរ ដោយរលូននិងគាប់ប្រសើរ។ គុណភាពសម្តែងនៃកម្មវិធីប្រភេទខុសៗគ្នា ទាំងរបាំ ចម្រៀង និងល្ខោនចិន ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ការតភ្ជាប់គ្នារវាងកម្មវិធីនីមួយៗក៏កាន់តែរលូនល្អ។ មិនថារបៀបសម្តែងសិល្បៈ ការរៀបចំតុបតែងឆាក ឬការងារផ្សាយបន្តផ្ទាល់សម្រាប់ជនពិការ សុទ្ធតែពោរពេញដោយលក្ខណៈច្នៃប្រឌិតថ្មី។
ឆាកសម្តែងមានរូបរាងដូចជា “如意” (សិប្បកម្មប្រពៃណីចិនដែលបង្កប់ន័យសិរិមង្គល និងជោគជ័យគ្រប់ភារកិច្ច) ពោលគឺ ឆាកសម្តែងនិងកន្លែងដែលទស្សនិកជនអង្គុយតភ្ជាប់គ្នា ដែលនឹងធ្វើឱ្យទស្សនិកជនទទួលបានអារម្មណ៍ចូលរួមផ្ទាល់ កាន់តែខ្លាំងជាមួយរាត្រីសមោសរ។
សូមជម្រាបថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ បានបង្កើតគម្រោងឈ្មោះ “ អ្នកដកពិសោធជាមួយរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ជាលើកដំបូង ដោយអញ្ជើញមនុស្សសាមញ្ញ ដ៏គួរឱ្យគោរពនិងស្រឡាញ់ ហើយធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ប្រាថ្នាចង់បានជីវភាពរស់នៅដ៏ល្អបវរ ឱ្យមកដល់ក្រុងប៉េកាំង ចូលរួមទស្សនានៅនឹងកន្លែង។
លើសពីនេះទៅទៀត កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ជាលើកទីមួយនឹងផ្តល់ សេវាផ្សាយបន្តផ្ទាល់សម្រាប់ជនពិការភ្នែកនិងថ្លង់ ដើម្បីផ្តល់សេវាណែនាំពន្យល់ខ្លឹមសារកម្មវិធី និងចំណេះដឹងទូទៅរបស់កម្មវិធី ខណៈពេលផ្សាយផ្ទាល់ជូនចំពោះជនពិការភ្នែកនិងថ្លង់៕
វិទ្យុមិត្តភាពកម្ពុជាចិន