(ភ្នំពេញ)៖ អតីតសកម្មជនអតីតបក្សសង្គ្រោះជាតិនៅអាមេរិក លោក ថាល់ សាវុធ បានសម្តែងការហួសចិត្តជាខ្លាំង ចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលបានប្រឹងសម្តែងធ្វើជាសង្វេគចំពោះមរណភាពរបស់លោក លិម គឹមយ៉ា ដោយសារការធ្វើឃាតនៅទីក្រុងបាងកក ប្រទេសថៃ។
ជាអតីតសកម្មជនអតីតបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក លោក ថាល់ សាវុធ ក៏បានដឹងរឿងខ្លះពាក់ព័ន្ធទំនាក់ទំនងរវាងលោក សម រង្ស៊ី និងលោក លិម គឹមយ៉ា នៅពេលគាត់នៅមានជីវិត។
លោក ថាល់ សាវុធ បានបញ្ជាក់ថា នៅពេលមានជីវិត លោក លិម គឹមយ៉ា អ្នកនយោបាយមកពីក្រុមលោក កឹម សុខា មិនធ្លាប់មានទំនាក់ទំនងអ្វីឱ្យជិតស្និទ្ធនោះឡើយជាមួយទណ្ឌិត សម រង្ស៊ី បើទោះបីរស់នៅបារាំង និងមានសញ្ជាតិបារាំងដូចគ្នា។ បន្ថែមពីលើនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក លិម គឹមយ៉ា ក៏ធ្លាប់បានវាយប្រហារលើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ផងដែរ។ មិនតែប៉ុណ្ណោះ លោក លិម គឹមយ៉ា មានទស្សនៈមិនត្រូវគ្នានោះឡើយ ជាមួយទណ្ឌិត សម រង្ស៊ី ហើយក៏ឧស្សាហ៍មានការខ្វែងគំនិត និងជម្លោះជាមួយគ្នាផងដែរ។
លោក ថាល់ សាវុធ ស្នើទៅក្រុមប្រឆាំងឱ្យបញ្ឈប់អាវប្បធម៌លាបព័ណ៌លើរាជរដ្ឋាភិបាល និងបក្សកាន់អំណាច រាល់ពេលមានបញ្ហាលើក្រុមប្រឆាំង។ សម្រាប់លោក ថាល់ សាវុធ ក៏មានទស្សនៈដូចមនុស្សជាច្រើនទៀតថា គ្មានហេតុផលអ្វីដែលបក្សកាន់អំណាច និងរាជរដ្ឋាភិបាលកម្ពុជា សម្លាប់លោក លិម គឹមយ៉ានោះឡើយ ព្រោះមិនមានផលចំណេញអ្វីទាល់តែសោះ៕