អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ៖ សម រង្ស៊ី កំពុងធ្វើអាជីវកម្ម​នយោបាយ​លើឃាតកម្មលោក លិម គឹមយ៉ា ដោយទម្លាក់កំហុស​លើសម្តេចតេជោ

Posted By: RoogRog Robot | 11-Jan-2025 17:52:07

2025-01-11 05:50pm

(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស់ បានមើលឃើញថា ទណ្ឌិត សម រង្ស៊ី កំពុងតែធ្វើអាជីវកម្ម​នយោបាយលើឃាតកម្មលោក លិម គឹមយ៉ា ដោយទម្លាក់កំហុស និងចោទ​ប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ព្រឹទ្ធសភានៅពីក្រោយហេតុការណ៍នេះ។

លោក លិម គឹមយ៉ា អតីតតំណាងរាស្ត្រ និងជាអតីតមេដឹកនាំមួយរូប​របស់​អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃាតកជាជនថៃ បាញ់សម្លាប់ពេលចុះពី​រថយន្តក្រុងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥​កន្លង​ទៅនេះ។

ឃាតកម្មលើលោក លិម គឹមយ៉ា ត្រូវបានទណ្ឌិត សម រង្ស៊ី ចេញមុខចោទ​ប្រកាន់ភ្លាមៗលើសម្តេចតេជោ ហ៊ុន សែន ទាំងដែលខាងសមត្ថកិច្ចថៃ មិន​ទាន់បានបង្ហាញអ្វីទាំងអស់។ នៅពេលមានជីវិត លោក លិម គឹមយ៉ា អ្នក​នយោ​បាយមកពីក្រុមលោក កឹម សុខា មិនធ្លាប់មានទំនាក់ទំនងអ្វីឱ្យ​ជិតស្និទ្ធ​នោះឡើយជាមួយទណ្ឌិត សម រង្ស៊ី បើទោះបីរស់នៅបារាំង និងមានសញ្ជាតិ​បារាំងដូចគ្នានោះ។ នៅលើបណ្តាញសង្គមរបស់លោក លិម គឹមយ៉ា ក៏ធ្លាប់​បានវាយប្រហារលើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ផងដែរ។

លោក គង់ ម៉ាស់ មនុស្សធ្លាប់រស់នៅក្នុងជម្រកអតីតបក្សសង្គ្រោះជាតិ បាន​ចេញ​​មកបញ្ជាក់ថា លោក លិម គឹមយ៉ា មានទស្សនៈមិនត្រូវគ្នានោះឡើយ ជាមួយទណ្ឌិត សម រង្ស៊ី ហើយក៏ឧស្សាហ៍មានការខ្វែងគំនិត និងជម្លោះ​ជា​មួយ​គ្នាផងដែរ។

លោក គង់ ម៉ាស់ បានលាតត្រដាងផងដែរថា ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោ​បាយឈាមត្រជាក់មួយរូប ពោលដើម្បីបានចំណេញនយោបាយគេហ៊ាន​ធ្វើ​អំពើ​​ទុច្ចរិត​ទាំងឡាយ សូម្បីជីវិតមនុស្ស ក៏គេហ៊ានចំណាយឱ្យតែចំណេញ។

អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិក្នុងខេត្តស្វាយរៀងរូបនេះ បានហៅ​ការ​លើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយឃាតកម្មលោក លិម គឹមយ៉ា គឺជាការចោទប្រកាន់​ ដើម្បីចំណេញផ្នែកនយោបាយ ដែលបុគ្គល សម រង្ស៊ី តែងតែធ្វើបែបនេះ រាល់​ពេលមានបញ្ហាលើជនរិះគន់ ឬជំទាស់នឹងរាជរដ្ឋាភិបាល។

លោក គង់ ម៉ាស់ បានគូសរំលេចថា ឃាតកម្មលោក លិម គឹមយ៉ា គ្មានហេតុ​ផលអ្វីដែលគណបក្សកាន់អំណាចនៅកម្ពុជាជាអ្នកធ្វើនោះឡើយ ព្រោះថា លោក លិម គឹមយ៉ា មិនមែនជាអ្នកនយោបាយប្រឆាំងដែលលេចធ្លោ ឬវាយ​ប្រហារខ្លាំងលើបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលនោះឡើយ បើធៀបនឹង​មនុស្ស​ប្រឆាំងដទៃទៀត។ លើសពីនេះទៀត សមរភូមិក្រុមប្រឆាំងក្នុងទិដ្ឋ​ភាពនយោបាយខ្មែរនាពេលបច្ចុប្បន្ន បានស្ងប់ស្ងាត់ទៅហើយ ដូច្នេះគ្មាន​ហេតុផលអ្វីដែលបក្សកាន់អំណាច ឬរាជរដ្ឋាភិបាលត្រូវព្រួយបារម្ភ រហូតដល់​ការ​សម្លាប់អ្នកប្រឆាំងនោះទេ។

ផ្ទុយទៅវិញ ការសម្លាប់មនុស្សប្រឆាំង គឺជាគំនិតរបស់មនុស្សប្រឆាំងនឹងរាជ​រដ្ឋាភិបាល ព្រោះថាការសម្លាប់មនុស្សប្រឆាំង នឹងធ្វើឱ្យសម្ពាធទាំងឡាយ​នឹង​ធ្លាក់លើបក្សកាន់អំណាច និងរាជរដ្ឋាភិបាល។

សម្រាប់ គង់ ម៉ាស់ បានយល់ឃើញថា អ្វីដែលទណ្ឌិត សម រង្ស៊ី ចោទ​ប្រកាន់​​លើសម្តេចតេជោ ហ៊ុន សែន គឺជារបៀបនយោបាយរបស់ សម រង្ស៊ី តែងធ្វើតាំងពីដើមមក ហើយការចោទប្រកាន់នេះគ្មានមូលដ្ឋានអ្វីទាំងអស់៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...