សេដ្ឋកិច្ចម៉ាឡេស៊ីរំពឹងកើនឡើងលើសពី ៥ភាគរយនៅឆ្នាំ២០២៥ ទោះមានហានិភ័យពន្ធគយរបស់ ដូណាល់ ត្រាំ

Posted By: RoogRog Robot | 09-Jan-2025 22:29:45

2025-01-09 10:24pm

(គូឡាឡាំពួ)៖ មន្ត្រីជាន់ខ្ពស់ពីររូបនៃរដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងនៅក្នុងបទសម្ភាសដាច់ដោយឡែកពីគ្នាថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានរំពឹងថានឹងរក្សាបានកម្រិតកំណើនល្អកាលពីឆ្នាំមុន និងលើសពី ៥% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយការវិនិយោគបរទេស និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលអាចជួយការពារសេដ្ឋកិច្ចពីហានិភ័យសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

លោក Amir Hamzah Azizan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទីពីរនៃប្រទេសម៉ាឡេស៊ីបានប្រាប់លោក Haslinda Amin នៃទូរទស្សន៍ Bloomberg នៅក្នុងរាជធានីរដ្ឋបាល Putrajaya កាលពីល្ងាចថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីកំពុងស្ថិតនៅលើផ្លូវវិជ្ជមានរួចទៅហើយ ដោយឱនភាពថវិកាកាលពីឆ្នាំមុនទំនងជាទាបជាងគោលដៅដែលមាន ៤,៣% នៃផលិតផលក្នុងស្រុកសរុប។ រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងបង្រួមឱនភាពនេះបន្ថែមទៀតមកនៅត្រឹម ៣,៨% នៃ ផ.ស.ស ក្នុងឆ្នាំ២០២៥។

នៅខាងក្រៅវេទិកាមួយក្នុងទីក្រុងគូឡាឡាំពួ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ីលោក Rafizi Ramli បានប្រាប់ Amin នៃទូរទស្សន៍ Bloomberg ថា តំបន់សេដ្ឋកិច្ចពិសេសមួយដែលប្រទេសម៉ាឡេស៊ីនឹងសហការអភិវឌ្ឍជាមួយសិង្ហបុរី នឹងជួយទ្រទ្រង់សន្ទុះកំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី។ គាត់បានលើកឡើងពីអារម្មណ៍សុទិដ្ឋិនិយមរបស់គាត់ចំពោះកំណើន ផ.ស.ស ដែលថានឹងមានកំណើនលឿនជាងមុន តែបានលើកឡើងពីការប្រុងប្រយ័ត្នចំពោះគោលនយោបាយរបស់រដ្ឋាភិបាលប្រធានាធីបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលនឹងប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី។

សម្រាប់លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Amir វិញ គាត់បាននិយាយថា គាត់មានទំនុកចិត្តថា សេដ្ឋកិច្ចដែលមានភាពចម្រុះរបស់ប្រទេសនេះនឹងទប់ទល់បាននឹងការគំរាមកំហែងនៃពន្ធគយ និងសង្គ្រាមពាណិជ្ជកម្មរបស់ ត្រាំ ដែលបានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសកម្មរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក Amir បាននិយាយថា៖ <<ទោះបីជាមានភាពច្របូកច្របល់នៅក្នុងទីផ្សារពិភពលោក ជាទីដែលយើងមាននាពេលបច្ចុប្បន្ននេះក្ដី ក៏ខ្ញុំគិតថាយើងមានភាពធន់គ្រប់គ្រាន់ដើម្បីឆ្លងកាត់វា>>។

នៅឆ្នាំ២០២៤ សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានរំពឹងថានឹងកើនឡើងប្រហែលពី ៤,៥% ទៅ ៥,៥% នៅឆ្នាំនេះ ដែលខ្ពស់ជាងកំណើន ៤,៧% ដែលត្រូវបានព្យាករដោយអ្នកវិភាគក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...