អ្នកបើករថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកតារាចម្រៀងរ៉េប RUTHKO បណ្តាលឱ្យស្លាប់ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់

Posted By: RoogRog Robot | 09-Jan-2025 09:44:45

2025-01-09 09:42pm

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានសម្រេចចោទប្រកាន់អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បុកតារាចម្រៀងរ៉េប RUTHKO បណ្តាលឱ្យស្លាប់ នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ដូចនេះថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង០១៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាករណីខាងលើនេះកើតឡើងដោយសារអ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូ​វ មិនគោរពសិទ្ធិ​យានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទបើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...