នាយករដ្ឋមន្ត្រីស្លូវ៉ាគី ព្រមានរារាំងជំនួយដល់អ៊ុយក្រែន ជុំវិញវិវាទផ្គត់ផ្គង់ឧស្ម័ន

Posted By: RoogRog Robot | 09-Jan-2025 21:39:31

2025-01-09 09:35pm

(ប្រ៊ុចសែល)៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសស្លូវ៉ាគីអាចនឹងចាត់វិធានការប្រឆាំងនឹងអ៊ុយក្រែន រួមទាំងការកាត់ផ្តាច់ជំនួយ ប្រសិនបើគ្មានដំណោះស្រាយណាមួយត្រូវបានរកឃើញ ជុំវិញការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ី ឆ្លងកាត់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។

លោក Fico បានចោទប្រកាន់ទីក្រុងកៀវ ថាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចស្លូវ៉ាគី តាមរយៈការមិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីស្លូវ៉ាគីរូបនេះ ធ្លាប់បានគំរាមសងសឹក ដោយការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីបន្ទាន់ដល់អ៊ុយក្រែន ហើយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកបានបន្ថែមថា រដ្ឋាភិបាលក៏អាចនឹងបញ្ឈប់ជំនួយមនុស្សធម៌ ឬប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន នៅក្នុងសហភាពអឺរ៉ុប ទាក់ទងនឹងបញ្ហាអ៊ុយក្រែនផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែល លោក Fico បានបញ្ជាក់ថា រដ្ឋាភិបាល មិនចង់បង្កើនភាពតានតឹងនោះទេ ប៉ុន្តែនឹងពិចារណាលើវិធានការនានា ប្រសិនបើគ្មានដំណោះស្រាយណាមួយត្រូវបានរកឃើញ។ លោកក៏បានបញ្ជាក់ថា ការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យស្លូវ៉ាគី ខាតបង់ ៥០០ លានអឺរ៉ូ (៥១៦ លានដុល្លារ) ជាថ្លៃដឹកជញ្ជូន និងអាចនឹងកើនដល់ ១ ពាន់លានអឺរ៉ូ ដោយសារតម្លៃឧស្ម័នឡើងថ្លៃ។

គួរបញ្ជាក់ថា ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែន បានបញ្ចប់នៅថ្ងៃចូលឆ្នាំសកល នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូន បានផុតកំណត់។ ទីក្រុងកៀវបានបដិសេធ មិនចរចាបន្តកិច្ចព្រមព្រៀងណាមួយ ដែលនឹងផ្តល់ចំណូលដល់ទីក្រុងមូស្គូ ដែលអាចយកទៅប្រើប្រាស់ សម្រាប់ផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមនៅអ៊ុយក្រែនឡើង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...