(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានថ្លែងប្រាប់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថា កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្ស៉ីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង។
ការថ្លែងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-រុស្សី នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។
មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានស្នើស្ថានទូតជួយផ្តល់បន្ថែមនូវអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលស្តីការអភិវឌ្ឍទេសចរណ៍ និងការពង្រឹងសមត្ថភាពដល់មន្រ្តីរាជការ មគ្គុទ្ទេសក៍ទេសចរណ៍ រយៈពេលខ្លី មធ្យម និងវែង។
លោករដ្ឋមន្ត្រីក៏បានស្នើជួយជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនាកិច្ចផ្លូវការ និងផ្លាស់ប្តូរបទពិសោធរវាងថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍រវាងទាំងពីរ ក៏ដូចជាការជួយជំរុញឱ្យមានជើងហោះត្រង់រវាងកម្ពុជានិងរុស្ស៊ីជាប្រចាំ។
ម្យ៉ាងវិញទៀត លោករដ្ឋមន្ត្រីបានស្នើដល់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា សូមជួយជំរុញដល់ការវិនិយោគរបស់វិនិយោគិនរុស្សីបន្ថែមទៀតក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងសហការរៀបចំជាកម្មវិធី FAM TRIP វិស័យឯកជនផ្នែកទេសចរណ៍រវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាបានឯកភាពចំពោះសំណើរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ហើយសន្យានឹងលើកយកសំណើទាំងនេះដាក់ជូនរដ្ឋាភិបាល ក៏ដូចជាក្រសួងនិងភាគីពាក់ព័ន្ធរបស់រុស្ស៉ី ដើម្បីពិនិត្យលទ្ធភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះជាមួយភាគីកម្ពុជា។
លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក ដែលបានស្គាល់ទឹកដីកម្ពុជាជាង៤០ឆ្នាំមកនោះ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីសិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្ស៉ីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង៕