រដ្ឋមន្រ្តីសុខាភិបាល៖ អ្នកដឹកនាំគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន ដើម្បីភាពរីកចម្រើនបម្រើប្រជាពលរដ្ឋ

Posted By: RoogRog Robot | 09-Jan-2025 21:28:00

2025-01-09 09:27pm

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់អ្នកដឹកនាំគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន និងបង្កលក្ខណៈឱ្យមានការចូលរួមពីគ្រប់អ្នកជំនាញទាំងអស់ ក្នុងគោលដៅប្រយោជន៍រួម ដើម្បីធ្វើឱ្យមន្ទីរពេទ្យមានលទ្ធភាពពង្រឹង និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញជួបសំណេះសំណាលផ្តល់អនុសាសន៍គន្លឹះ និងចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងមន្ទីរពេទ្យដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទៅទី៨ ខែមករា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យ បានថ្លែងបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សបន្តវេនគឺសំខាន់ខ្លាំងណាស់ ទាំងក្នុងការងារដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យប្រចាំថ្ងៃឲ្យបានរលូន និងការចូលរួមសហការគ្នាចាប់ពីកម្រិតថ្នាក់ដឹកនាំរហូតដល់មន្ត្រីរាជការ និងបុគ្គលិកគ្រប់ឋានានុក្រម។

ដូច្នេះក្នុងឳកាសនោះសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ខិតខំសាមគ្គីគ្នាបន្តរក្សានិរន្តរភាពរបស់មន្ទីរពេទ្យ សំដៅលើកកម្ពស់ការធ្វើនវានុវត្តន៍បច្ចេកទេសព្យាបាលឲ្យកាន់តែសម្បូរបែប ធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ និងជឿជាក់មកលើសេវាសុខភាពសាធារណៈថែមមួយកម្រិតទៀត៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...