(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧មករា ( ៧ មករា ១៩៧៩ - ៧មករា ឆ្នាំ២០២៥ ) ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុង សង្កាត់ អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
នាឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី ៤៦ឆ្នាំ នៃទិវាមហាជ័យជម្នះ ៧មករា ជាថ្ងៃ ប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ដែល បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា ។
រួចផុតពីទារុណកម្មនិងការកាប់សម្លាប់យ៉ាងឃោឃៅបំផុតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ហើយការ រៀបចំ ទិវាខួបលើកទី ៤៦ឆ្នាំនេះ ដើម្បីរំលឹកនិងចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ រំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គ មហា សេនា បតី តេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាច្រេីនឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។
នៅក្នុងឱកាសនេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាតការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ដែល កេីតចេញពីការបោះឆ្នោត ដឹកនាំ ដោយ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ប្តេជ្ញា ចិត្ត ក្នុងការការពារសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ។
បន្ទាប់មកអង្គមីទ្ទីងទាំងមូល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដុតធូបនៅតាមផ្នូរសពរបស់វិរ: កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា នឹងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕