(កំពង់ឆ្នាំង)៖ ក្នុងឱកាសចូលរួមអបអរសាទរទិវាជ័យជំនះ ៧មករា ខួបអនុស្សាវរីយ៍លើកទី៤៦ ៧ មករា ១៩៧៩ - ៧ មករា ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីក្នុងមិទ្ធិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនៈ៧មករា ដែលប្រព្រឹត្តិទៅក្នុងសភាពដ៏មហោឡារិកក្រៃលែង នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
បន្ទាប់ពីលោក ចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ បានអានសុន្ទរកថារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី ៤៦ នៃទិវាជ័យជំនះ ៧មករា រួចមក សម្តេចមហាមន្ត្រី គុយ សុផល ថ្លែងថា ស្មារតី ៧មករាស្ថិតនៅជាអមតៈ ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត។ សម្តេចមហាមន្ត្រី បន្តថា យើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពួនជ្រុំស្មារតី ៧មករា ឲ្យកាន់តែរឹងមាំ និងភ្លឺចែងចាំងជានិច្ច។ ជ័យជំនះ ៧ មករាបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីការកាប់សម្លាប់ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបខ្មែរក្រហម ប៉ុល ពត ហើយបានធ្វើឱ្យតម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ។
សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។
នៅក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនៈ (៧មករា១៩៧៩-៧មករា២០២៥) តំណាង អង្គពិធីទាំងមូល បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងបន្តការពារនិងថែរក្សាស្មារតី ៧មករា ឲ្យស្ថិតនៅជាអមតៈ និងស្ថិតនៅក្នុងដួងចិត្តរបស់ប្រទេស និងប្រជាជនកម្ពុជាគ្រប់ជំនាន់តរៀងទៅ ពិសេសការបន្តចូលរួមការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើនរឹងមាំទ្វេឡើងតរៀងទៅ៕