(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមណ្ឌលអប់រំកែប្រែទី២ (ម២)។
ពិធីនេះមានការចូលរួមពីសំណាក់លោក ឈន សាណាត អគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធនាគារ ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងសុខាភិបាល និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារផងដែរ។
កម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អ្នកជាប់ឃុំនៅ (ម២) នេះ បានរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំជាស្ត្រីទូទៅ និងជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមជាមួយ ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុង ពន្ធនាគារ។
បន្ទាប់ពីការរាយការណ៍ដោយសង្ខេបរបស់លោក ឈន សាណាត អំពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ និងបញ្ហាប្រឈម, លោក ជិន ម៉ាលីន ក៏បានលើកឡើងពីការងារមួយចំនួន ក្នុងការរួមចំណែកដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ក្នុងពន្ធនាគារ ជាពិសេសតាមរយៈការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ដែលបានរួមចំណែកក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ឈាង រ៉ា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំរបស់ក្រសួង ក្នុងការផ្តល់សេវាសុខាភិបាលដល់ជនជាប់ឃុំទូទាំងប្រទេស ព្រមទាំងបានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យចូលរួមកាន់តែសកម្មក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់ជនជាប់ឃុំទាំងអស់នៅទូទាំង។
នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ។ ទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមផងដែរថា ការចុះមកផ្ទាល់នៅ (ម២) ជាមួយថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺក្នុងគោលបំណងសំខាន់មួយទៀតគឺដើម្បីនាំយកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ <<មិនទុកនរណាម្នាក់ចោលឡើយ>> ពោលទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ។
ទេសរដ្ឋមន្ត្រី បានរំឭកដល់មន្ត្រីនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយ ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។
គ.ស.ម.ក សូមវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យ សម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ និងមានសួនកម្សាន្តសម្រាប់កូនតាមម្តាយ ថែមទៀតផង។ ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានជួបសួរសុខទុក្ខកញ្ញា សេង ធារី ដែលជាការកត់សម្គាល់កញ្ញាមានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។
គ.ស.ម.ក. សូមថ្លែងអំណរគុណដល់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែលតែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយ គ.ស.ម.ក. នាពេលកន្លងមក លើការងារលើកកម្ពស់ និងការពារសិទ្ធិសេរីភាពរបស់ ជនជាប់ឃុំ។ ក្នុងនោះផងដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី និងលោក ឈាង រ៉ា ក៏បាននាំយកនូវ អំណោយជាឱសថ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនប្រគល់ជូនដល់ណ្ឌលសម្រាប់ការប្រើប្រាស់ ជាក់ស្តែង៕