(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី អ៊ុន វ៉ុនលី បានឧបត្ថម្ភការកសាងស្ពានបេតុងមួយខ្សែមានប្រវែង៤៥ម៉ែត្រ និងទទឹង៧.៥ម៉ែត្រ ដែលតភ្ជាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកស្រី បានប្រារព្ធពិធីក្រុងពលីបួងសួងម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខលើកធ្នឹមស្ពានបេតុង១ខ្សែខាងលើនេះ។ ស្ពានបេតុងនេះដែរ គឺតភ្ជាប់ពីគល់ស្ពានខាងកើតក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ទៅគល់ស្ពានខាងលិចក្នុងភូមិសំរោង ឃុំពេជ្រជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នាពិធីក្រុងពាលីនោះ អ្នកឧកញ៉ាតំណាងរាស្ត្រ សៀង ណាំ បានរំឭកពីគោលបំណងនៃការប្រារព្ធទិវាជ័យជម្នះ៧មករា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងយុទ្ធមិត្តបានយកជីវិតជាដើមទុនទៅប្តូរ និងជាថ្ងៃកំណើតទី២របស់ប្រជាជនទាំងអស់គ្នា។
អ្នកឧកញ៉ាតំណាងរាស្ត្រមណ្ឌលសៀមរាបបានបន្តថា បច្ចុប្បន្ន ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ តួយ៉ាងស្ពាន-ថ្នល់ដែលកំពុងសាងសង់នេះ គឺបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស ឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាប្រកបមុខរបរទទួលទានផងដែរ៕