(ភ្នំពេញ)៖ លោក Jeremy Zwinger ស្ថាបនិកសន្និសីទស្រូវអង្ករពិភពលោក (World Rice Conference) គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោកសម្រាប់ឆ្នាំ២០២៥។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពេលលោក Jeremy Zwinger ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោក Jeremy Zwinger ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន The Rice Trader (TRT) បានសម្ដែងក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញការជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។
លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះផងដែរ។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការជាមួយកម្ពុជា ក្នុងវិស័យស្រូវអង្ករ នាពេលកន្លងមក។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុន ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះ។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ដំណាំស្រូវ គឺជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ផងដែរអំពីការដាក់ចេញគោលនយោបាយចាំបាច់នានារបស់រាជរដ្ឋាភិបាល នៅក្នុងការគាំទ្រទៅដល់ផលិតកម្មស្រូវអង្កររបស់កម្ពុជា ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក សំដៅសម្រួលទៅដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើម៕