(កំពង់ធំ)៖ លោក សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧មករា (៧ មករា ១៩៧៩-៧ មករា ឆ្នាំ២០២៥) ដែលពិធីនេះប្រព្រឹត្តទៅនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក សោម ស៊ុន បានឡើងអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុល ពត បានធ្វើឲ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុត ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។
លោកបន្ដថា ទិវាខួបលើកទី៤៦ឆ្នាំនេះ ដើម្បីរំលឹក និងចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបាន។
លោក សោម ស៊ុន បានរំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា <<យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ ៧ មករា ១៩៧៩។ យើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឲ្យប្រទេសជាតិយើងមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨>>។
លោកស្រី មឿង សុខឃីន តំណាងសមាជិក សមាជិកា នៃអង្គមិទ្ទីញទាំងមូលសូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះបុណ្យជាតិ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ មានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ, ប្តេជ្ញា! រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ, ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជនឲ្យអស់កម្លាំងកាយចិត្ត។
ក្រោយបញ្ចប់កម្មវិធី ក្រុមការងារបានរៀបចំអាហារសាមគ្គីជូនដល់សមាជិកសមាជិការអង្គមិទ្ទីញ ក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពីនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងក្រុមការងារចុះមូលដ្ឋានឃុំ ប្រកបដោយបរិយាកាសរីករាយ និងមោទនភាពស្និទ្ធស្នាលក្រៃលែង៕