តំណាងរាស្ត្រកំពង់ចាម ប្រកាសគាំទ្រពេលទំហឹង ក្នុងការកសាងឱ្យមានច្បាប់ដើម្បីកំណត់ជន ឬក្រុមណា ដែលឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កអសន្តិសុខនិងភាពវឹកវរដល់សង្គម គឺជាភេរវករដែលត្រូវតែផ្តន្ទាទោស

Posted By: RoogRog Robot | 08-Jan-2025 15:23:37

2025-01-08 03:19pm

(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតឲ្យមានច្បាប់កំណត់ ក្រុមឬជនណា ដែលបំផុតបំផុត ញុះញង់ ឃុមឃិត បង្កើតជាក្រុមចលនាជ្រុលនិយម ដើម្បីធ្វើឲ្យសង្គមជាតិមាន កលិយុគក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដាក់ជាភេរវករ។

ការថ្លែងដូច្នេះរបស់តំណាងរាស្ត្រ ក្នុងឱកាសប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ថ្ងៃជ័យជំនះ ៧មករា (១៩៧៩-២០២៥) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៥ នេះ ដោយមានការចូលរួមថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងបានឆ្លងកាត់សង្គ្រាមច្រើនជំនាន់ណាស់ គឺជាប្រទេសមួយរងគ្រោះខ្ទេចខ្ទាំដោយសារសង្គ្រាម បើគិតជាឆ្នាំគឺមានរយៈពេល៤៦ឆ្នាំ នៃការរំដោះប្រជាពលរដ្ឋយើង ឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ប៉ុលពល៤៦ឆ្នាំ មិនធម្មតាទេ ចឹងអ្វីដែលបានរំដោះយើងនេះ យើងត្រូវតែចងចាំថា អ្នកណាជាបិតារំដោះ អ្នកណាជាបិតា ដែលនាំមកនូវសុខសន្ដិភាព នោះគឺគណបក្សប្រជាជនកម្ពុជា និយាយរួម និងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ខ្លួន។

សូមបញ្ជាក់ជូនថា តាមរយៈមីទ្ទិញ អបអរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករា ដែលប្រារព្ធធ្វើឡើងនៅកោះពេជ្រ ពីម្សិលមិញ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងសារជាថ្មីថា ខណៈនេះដល់ពេលវេលាដែលត្រូវកសាងច្បាប់កំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។

ការគាំទ្រឱ្យបង្កើតច្បាប់ដើម្បីកំណត់ក្រុមឬជនដែលជាភេរវករនេះ ដោយសារតែបច្ចុប្បន្ន យើងសង្កេតឃើញនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកកំពុងឆាបឆេះ ដោយសង្គ្រាមយ៉ាងសន្ធោរសន្ធៅ ពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ ហើយប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមទាំងនោះកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណានោះឡើយ។

អ្នកតំណាងរាស្ដ្រកំពង់ចាមបន្ដថា កម្ពុជាយើងទើបមានសន្តិភាពរយៈ២៦ឆ្នាំមកនេះ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន ដែលជា ស្ថាននិងជាមគ្គុទ្ទេសក៍នៃសន្តិភាព ដែលសន្តិភាពនេះហើយបានផ្តល់ឱកាសឲ្យយើងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែយ៉ាងណាក៏ដោយបើទោះបីជាយើងកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ប្រជាពលរដ្ឋកំពុងសប្បាយ រីករាយយ៉ាងនេះក្តី ក៏បច្ចុប្បន្ន នៅតែមានពួកជ្រុលនិយមមួយចំនួនតូច តែងព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព។

អ្នកតំណាងរាស្ត្របានគូសបញ្ជាក់ទៀតថា កម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស គឺបានយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព ពោលបើគ្មានសន្តិភាព គឺយើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ ។

តាមរយៈអង្គមីទ្ទិញនេះ លោក​បណ្ឌិត ម៉ា ឈឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបាន មកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិន អនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។

ជាមួយគ្នានេះក៏ត្រូវគោរពដឹងគុណជានិច្ចចំពោះសម្តេចតេជោហ៊ុន សែន ដែលជា ស្ថាបនិក ជាប្រតិបត្តិករនិងជា មគ្គុទ្ទេសក៍ឯកដែលនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូប បានជ្រកកោនក្រោមម្លប់សន្តិភាពយ៉ាងសុខដុរម្យនានាសព្វថ្ងៃនេះ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...