(ភ្នំពេញ)៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ដឹកនាំដោយលោក កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀ ខេត្តមណ្ឌលគិរី។
ក្រៅពីការសួរសុខទុក្ខកងកម្លាំងវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ក៏នឹងពិនិត្យមើលពីស្ថានភាពបង្គោលព្រំដែន វឌ្ឍនភាពនៅព្រំដែន និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងវិស្វកម្ម និងប្រជាពលរដ្ឋ នៅទីនោះលោក កែប ជុតិមា បានបញ្ជាក់យ៉ាងដូច្នេះថា៖ <<សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាដោយឆន្ទៈមោះមុត និងផែនការច្បាស់លាស់ ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់>>។ ការកសាងផ្លូវក្រវាត់ព្រំដែន គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។
លោក កែប ជុតិមា បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការការពារ អធិបតេយ្យភាពជាតិ និងបង្កើតឱកាសសម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា។ គោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមមកមើលតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងកម្លាំងវិស្វកម្ម និងមកស្វែងយល់ជាក់ស្តែងពីស្ថានភាពព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជាពិសេសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែននេះ ព្រោះប្រជាពលរដ្ឋជាជញ្ជាំងការពារព្រំដែនដ៏រឹងមាំ។
រីឯលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា បានបន្ដថា ស្រុកពេជ្រាដា ជាស្រុកមួយក្នុងចំណោមស្រុកទាំង៤ និងក្រុង១ មានចម្ងាយផ្លូវ ៤០គីឡូម៉ែត្រពី ទីរួមខេត្តមណ្ឌលគិរី ជាតំបន់ខ្ពង់រាបសម្បូរទៅដោយព្រៃឈើ សត្វព្រៃ រ៉ែក្នុងដី និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលជាច្រើនកន្លែង ពិសេសរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀរ ទឹកជ្រោះអូផ្លាយ ទឹកជ្រោះអូរតាំកន ភ្នំលុប្រាណ ភ្នំមូសរលូងជាដើម។
លោកអភិបាលស្រុក បានឱ្យដឹងថា ស្រុកពេជ្រាដា មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង១១០គីឡូម៉ែត្រ និងមានបង្គោល ព្រំដែនសរុបទាំងអស់ ចំនួន ៥០បង្គោល។ច្រកទ្វារព្រំដែនទ្វេរភាគីណាមលៀរ មានប្រវែង ២៧គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា និងមានប្រវែង ៦៧គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។
ចំណែកឯលោកឧត្តមសេនីយ៍ទោ ជុំ ហុន តំណាងកងវិស្វកម្ម បានឱ្យដឹងថា កងឯកភាពចំនួន៦នៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងស្ថាបនាផ្លូវព្រំដែននេះ ដោយប្រើប្រាស់មធ្យោបាយគ្រឿងចក្រគ្រប់ប្រភេទចំនួន ១៤៨គ្រឿង សម្រាប់ធ្វើផ្លូវ១៣៣គីឡូម៉ែត្រ ក្នុងនេះផ្លូវខ្សែក្រវាត់ព្រំដែនមានប្រវែង៨៤គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៤៩គ.ម។ ច្រកទ្វាព្រំដែនទ្វេភាគីណាមលៀរ មានចម្ងាយផ្លូវប្រវែង៦០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានចម្ងាយផ្លូវប្រវែង ២៦គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា មានទីតាំងស្ថិតនៅក្នុង ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ជាមួយនឹងច្រកទ្វារព្រំដែនទ្វេភាគីដាក់ប័រ ស្ថិតនៅក្នុងភូមិធន់ហាញ់ ឃុំធុនអាន ស្រុកដាក់មីល ខេត្តដាក់ណុង ប្រទេសវៀតណាម។
សូមជម្រាបដែរថា ប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ក៏បាននាំយកនូវអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា មានគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន ទឹកសុទ្ធ៣០កេស ត្រីខ១៥កេស ថ្នាំពេទ្យ២៥ ប្រអប់ គុយទាវ និងមីសួ៣០កេស ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា ២កេស៕