ប្រមុខការទូតចិនធ្វើដំណើរទៅអាហ្វ្រិក ចំពេលដែលចំណាប់អារម្មណ៍របស់លោកខាងលិច ចំពោះតំបន់នេះធ្លាក់ចុះ

Posted By: RoogRog Robot | 06-Jan-2025 16:12:54

2025-01-06 04:07pm

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចឆ្នាំថ្មី ប្រចាំឆ្នាំទៅកាន់អាហ្រ្វិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដែលជាការរក្សានូវប្រពៃណីរយៈពេល ៣៥ឆ្នាំរបស់ខ្លួន ក្នុងគោលដៅជំរុញ ឥទ្ធិពលទូទាំងតំបន់ ដែលសម្បូរធនធាន ខណៈវត្តមាន​អឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។

ក្រុមអ្នកវិភាគនិយាយថា ស្របពេលពិភពលោក ក៏ដូចជាអ្នកវិនិយោគ រង់ចាំមើលការវិលត្រលប់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក សង្រ្គាមអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា និងនយោបាយក្រឡាប់ចាក់ក្នុងស្រុករបស់អាល្លឺម៉ង់ បារាំង វត្តមានលោក Wang នៅក្នុងប្រទេសណាមីប៊ី សាធារណរដ្ឋកុងហ្គោ ឆាដ និងនីហ្សេរីយ៉ា បង្ហាញពីភាពស៉ីចង្វាក់ នៃការចូលរួមរបស់ចិន ជាមួយអាហ្វ្រិក។

ដំណើរទស្សនកិច្ចក្នុងតំបន់របស់លោក Wang ដែលបន្តរហូតដល់ថ្ងៃសៅរ៍ ក៏កើតមានឡើងផងដែរ នៅពេលដែល ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី ២ របស់ពិភពលោកមួយនេះ បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ប្រទេសអាហ្វ្រិក ដែលជាប់បំណុល ហើយសម្លឹងរកកិច្ចព្រមព្រៀងរ៉ែសំខាន់ៗបន្ថែមទៀត និងស្វែងរកទីផ្សារដើម្បីស្រូបយកការនាំចេញរបស់ខ្លួន។ តាមលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន ទស្សនកិច្ចមានបំណងធ្វើឱ្យស៉ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងសារៈសំខាន់នៃទំនាក់ទំនងចិន-អាហ្វ្រិក៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...