ក្រុមអ្នកស៉ើបអង្កេតកូរ៉េខាងត្បូង នឹងស្នើតុលាការពន្យារសុពលភាពដីកាចាប់ខ្លួន លោក Yoon Suk Yeol

Posted By: RoogRog Robot | 06-Jan-2025 15:45:41

2025-01-06 03:44pm

(សេអ៊ូល)៖ ក្រុមអ្នកស៉ើបអង្កេតកូរ៉េខាងត្បូង ដែលកំពុងព្យាយាមចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol បាននិយាយថា ពួកគេនឹងស្នើសុំការពន្យារសុពលភាព នៃដីកាចាប់ខ្លួន ដែលនឹងត្រូវផុតកំណត់ នាយប់ថ្ងៃចន្ទនេះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Lee Jae-seung នាយករងការិយាល័យស៉ើបអង្កេតអំពើពុករលួយ (CIO) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា <<សុពលភាពដីកានឹងផុតកំណត់ នៅថ្ងៃចន្ទនេះហើយ។ ដូច្នេះនៅថ្ងៃនេះ ពួកយើងគ្រោងនឹងស្នើសុំការពន្យារពេលសុពលភាពបន្ថែម ពីសំណាក់តុលាការ ដែលតម្រូវឱ្យបញ្ជាក់ហេតុផល សម្រាប់ការពន្យារសុពលភាពដីកា ដែលតាមបទដ្ឋាន គឺមានរយៈពេល៧ថ្ងៃ>>។ សុពលភាពដីកាចាប់ខ្លួននោះ នឹងផុតកំណត់ នៅយប់ពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ក្រុមអ្នកស៉ើបអង្កេត ដែលកំពុងស៉ើបលើលោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន បានទទួលបរាជ័យម្តងទៀត កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្នុងការព្យាយាមអនុវត្តដីកាចាប់ខ្លួនខាងលើ ក្រោយត្រូវបានរារាំង​ដោយក្រុមអង្គរក្សប្រធានាធិបតី។ លោក Yoon Suk Yeol ត្រូវព្យួរអំណាចចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ក្រោយសភាបោះឆ្នោត​ចោទប្រកាន់ ដើម្បីដកតំណែងលោក។

តុលាការធម្មនុញ្ញ នឹងសម្រេចជាចុងក្រោយថា ត្រូវដកតំណែងរបស់លោក ឬមួយក៏ឱ្យលោកកាន់អំណាចដូចដើមវិញ។ សម្រាប់​ពេលនេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choi Sang-mok កំពុងកាន់តួនាទីជា ប្រធានាធិបតីស្តីទី៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...