(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមចែកអំណោយជាសម្ភារសិក្សារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ជូនដល់កុមារា-កុមារីនៅតាមសាលាបឋមសិក្សាចំនួន៨ លើដីកោះតាមដងទន្លេ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានឱ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី គឺតែងតែបានចូលរួមការងារមនុស្សធម៌រួមចំណែកជួយសង្គម មានជាអាទិ៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ល។ ក៏ដូចជាការងារមនុស្សធម៌ចែករំលែកក្តីស្រឡាញ់លើកកម្ពស់ការសិក្សាដល់កុមារា កុមារីនៅសាលាបឋមសិក្សា នាខេត្តភាគឦសាននៃប្រទេសកម្ពុជា ក៏ដូចជាសាលានៅលើដីកោះនៃខេត្តកំពង់ឆ្នាំងនាពេលនេះ ហើយលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ក៏ដូចជាមាតាបិតារបស់សិស្ស ដែលបានសហការដើម្បីបានរួមគ្នាក្នុងការងារមនុស្សធម៌នាពេលនេះ និងសូមឱ្យកុមារា កុមារីទាំងអស់ខិតខំរៀនសូត្រដោយមិនបោះបង់ការរៀនសូត្រ ដើម្បីមានអនាគតល្អទៅថ្ងៃអនាគត។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបង្ហាញនូវអារម្មណ៍រីករាយនូវសកម្មភាពមនុស្សធម៌ ដែលកើតចេញពីការបរិច្ចាករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ហើយសកម្មភាពនេះគឺបានផ្សារភ្ជាប់នូវក្តីស្រឡាញ់ ស្និទ្ធស្នាលរវាងអាជ្ញាធរ គណៈគ្រប់គ្រងសាលា មាតាបិតានិង LOLC ទៅដល់កុមារា កុមារីទាំងអស់គ្នា ហើយពួកគាត់នឹងខិតខំរៀនសូត្រពេល ដែលឃើញគ្រប់សមាសភាពទាំងអស់នៅក្នុងសង្គមយកចិត្តទុកដាក់ជាមួយពួកគាត់ <<ស្នាមញញឹមនិងភាពរីករាយរបស់កុមារគឺជាភាពរីករាយនិងក្តីសង្ឃឹមរបស់ពួកយើង>>។
លោកក៏បានបន្ថែមថាសកម្មភាពមនុស្សធម៌នេះ គឺទទួលបានការសាទរពីមាតាបិតា លោកគ្រូ អ្នកគ្រូ ក៏ដូចជាគណៈគ្រប់គ្រងសាលា ពិសេសគឺភាពស្នាមញញឹម និងភាពរីករាយរបស់កុមារជាង១០០០នាក់ ក្រោយទទួលបាននូកាបូបម្នាក់១ សៀវភៅ១០ក្បាល នំបុ័ង១ និងនំកញ្ចប់ចំនួន៣កញ្ចប់៕