អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលឃុំ

Posted By: RoogRog Robot | 03-Jan-2025 11:42:49

2025-01-03 11:41am

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលឃុំ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបើកកិច្ចប្រជុំថ្ងៃនេះដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃការដាក់ពិន្ទុប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការបម្រើសេវាសង្គមរបស់រដ្ឋបាលឃុំ សង្កាត់ ដើម្បីធ្វើការកំណត់ចំណាត់ថ្នាក់នូវឃុំ សង្កាត់ ទទួលបានជ័យលាភី ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រសម្រាប់ការប្រឡងប្រណាំងនេះ ក្នុងឆ្នាំ២០២៥។

លោក អ៊ុន ចាន់ដា បានរម្លឹកថា ការអនុវត្តឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីរដ្ឋបាលខេត្តបានផ្សព្វផ្សាយហើយ គឺខាងឃុំ សង្កាត់ អនុវត្តការងារពេញលេញបានត្រឹមតែ ៤ខែប៉ុណ្ណោះ ដូច្នេះលទ្ធផលក្នុងការដាក់ពិន្ទុនោះ អាចមានបញ្ហាឆកល្វែង ដែលត្រូវធ្វើការពិនិត្យបំពេញបន្ថែម កែសម្រួលនូវចំណុចខ្វះខាត។

លោកអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តត្រូវមានវិធីសាស្ត្រតាក់តែងឱ្យបានល្អ សម្រាប់ឱ្យឃុំ សង្កាត់អនុវត្តបន្តក្នុងឆ្នាំ២០២៥នេះ ដើម្បីឱ្យឃុំ សង្កាត់ ខិតខំធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីផលប្រយោជន៍បានមកដល់ប្រជាពលរដ្ឋ និងឃុំ សង្កាត់របស់ពួកគាត់៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...