ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់យ៉ាងតិច១០នាក់ នៅជំរុំជនភៀសខ្លួនភាគខាងត្បូងហ្គាហ្សា

Posted By: RoogRog Robot | 02-Jan-2025 11:53:22

2025-01-02 06:51pm

(ហ្គាហ្សា)៖ ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១០ នាក់ នៅក្នុងជំរុំតង់មួយ ដែលផ្តល់ជម្រកដល់គ្រួសារដែលបានផ្លាស់ទីលំនៅ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។​​​

ក្នុងចំណោមជនរងគ្រោះទាំង ១០ នាក់ មានស្ត្រី និងកុមារ ដែលបានស្លាប់នៅក្នុងតង់មួយ ក្នុងទីក្រុង Al-Mawasi ដែលអ៊ីស្រាអែលធ្លាប់បានកំណត់ថាជា <<តំបន់មនុស្សធម៌>> សម្រាប់ជនស៊ីវិល។ ហេតុការណ៍នេះកើតឡើង ក្នុងខែទី ១៥ នៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលកំពុងកាន់អំណាចនៅតំបន់ហ្គាហ្សា។ មនុស្ស ១៥ នាក់ផ្សេងទៀតបានរងរបួស។

អាជ្ញាធរហ្គាហ្សាបានបញ្ជាក់ថា អគ្គនាយកនៃនាយកដ្ឋានប៉ូលីសហ្គាហ្សា លោក Mahmoud Salah និងជំនួយការរបស់គាត់ លោក Hussam Shahwan ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ អាជ្ញាធរបាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា​បាន​បង្កើន​ភាព​ចលាចល និង​ធ្វើ​ឱ្យ​ប្រជាជន​រង​ទុក្ខ​វេទនា​កាន់តែ​ខ្លាំង តាមរយៈ​ការ​សម្លាប់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់។

យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនបានវាយប្រហារ ទៅលើតំបន់ Al-Mawasi ភាគខាងលិចទីក្រុង Khan Younis ដោយសម្លាប់លោក Shahwan ដែលជាប្រធានកងកម្លាំងសន្តិសុខ របស់ក្រុមហាម៉ាស់ នៅភាគខាងត្បូងហ្គាហ្សា។ ទោះជាយ៉ាងណា អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយ អំពីការស្លាប់របស់លោក Salah ទេ។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលហ្គាហ្សា អ៊ីស្រាអែល​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជាង​ ៤៥,៥០០ ​នាក់​ ក្នុង​សង្គ្រាម​នេះ។ ប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សា ដែលមានប្រជាជនសរុប ២.៣ លាននាក់ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ ហើយភាគច្រើននៃតំបន់ឆ្នេរតូចមួយនេះ ត្រូវបានបំផ្លិចបំផ្លាញ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...