(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលមានតម្លៃ៧ម៉ឺនដុល្លារ បន្ថែមពីលើសមិទ្ធផលដែលមានស្រាប់ នៅក្នុងផ្សារសាមគ្គីក្រគរ និងជួបសំណេះសំណាល ជាមួយអ្នកប្រកបរបររត់ម៉ូតូឌុប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅទល់មុខផ្សារសាមគ្គីក្រគរ ដោយបានការចូលរួមពី លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង, ប្រធាន អនុប្រធានក្រុមការងារទាំង១១ឃុំ អាជ្ញាធរស្រុកក្រគរ ស្រុកកណ្តៀង អាជីវករ និងគ្រួសារម៉ូតូឌុប ប្រមាណជិត១ពាន់នាក់។
លោក លីវ សេងហ៊ីម បានជម្រាបជូនថា ផ្សារសាមគ្គីក្រគរ ដើមឡើយមានឈ្មោះថា <<ផ្សារក្រគរ>> ដែលមានទីតាំងចល័តពីកន្លែងមួយ ទៅកន្លែងមួយ រហូតដល់បច្ចុប្បន្ន។ ក្រោមគំនិតផ្តួចផ្តើម របស់លោករដ្ឋមន្ត្រី កែវ រតនៈ និងដោយមានការគាំទ្រ ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្សារក្រគរនេះ បានចាប់ផ្តើមកសាងឡើង នៅចុងឆ្នាំ២០០៩ ដោយមានការចូលរួមពីអាជីវករផ្សារ ក្រុមការងារ សរុបថវិកាជាង៤៦ម៉ឺនដុល្លារ ហើយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ ក្រោមឈ្មោះ <<ផ្សារសាមគ្គីក្រគរ>> រហូតដល់បច្ចុប្បន្ន។
លោកអភិបាលស្រុកបន្តថា ដើម្បីសុខភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ និងវិនិយោគក្នុងស្រុក ផ្សារសាមគ្គីក្រគរ ត្រូវបានរៀបចំ និងកែលម្អជាបន្តបន្ទាប់ ឱ្យមានទីស្នាក់ការគណៈកម្មការផ្សារ ស្នាក់ការសន្តិសុខ កន្លែងលក់ដូរសមរម្យ មានសណ្តាប់ធ្នាប់ល្អ មានប្រព័ន្ធលូបង្ហូរទឹក ផ្លូវបេតុងជុំវិញផ្សារ ការគ្រប់គ្រងសម្រាម និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ។ល។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤ ក្រោមការឧបត្ថម្ភ របស់លោក កែវ រតនៈ បានកសាងចំណតមុខផ្សារសាមគ្គីក្រគរនេះឡើង រួមទាំងការបំពាក់សូឡា និងគ្រឿងបរិក្ខាមួយចំនួនទៀត ដើម្បីសម្រួលដល់បងប្អូនដែលធ្វើដំណើរជិតឆ្ងាយ បានសម្រាក និងជាសោភ័ណភាព ក៏ដូចជាទាក់ទាញអ្នកដំណើរបានចូលទិញផលិតផលក្នុងផ្សារ ជាការចូលរួមចំណែកដ៏ធំ ក្នុងការប្រមូលចំណូលផងដែរ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ និងអ្នកប្រកបរបររត់ម៉ូតូឌុប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងឱកាសសម្ពោធសមិទ្ធផលនានា ដែលមានតម្លៃ៧ម៉ឺនដុល្លារ បន្ថែមពីលើសមិទ្ធផលដែលមានស្រាប់ នៅក្នុងផ្សារសាមគ្គីក្រគរ នាឱកាសនេះ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋ ក្នុងស្រុកក្រគរ និងស្រុកណ្តៀង ដែលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ហើយឈ្នះដាច់ពេញផ្ទៃប្រទេស។
លោករដ្ឋមន្ត្រី ក៏បានលើកឡើង ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដោយឡែក សម្រាប់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទាក់ទាញអ្នកវិនិយោគក្រៅប្រទេស ចូលមកបណ្តាក់ទុកក្នុងប្រទេសកម្ពុជា ហើយខេត្តពោធិ៍សាត់ក៏ជាមោទកភាពផងដែរ ដែររដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត តាមរយៈការគាំទ្រដល់ការតម្លើងរោងចក្រជាច្រើន ដែលបច្ចុប្បន្នបានកំពុងសាងសង់ និងបានដំណើរការខ្សែច្រវ៉ាក់ផលិតរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ។
លោកសូមឱ្យបងប្អូនអាជីវករ រួមទាំងអ្នកប្រកបរបររត់ឌុបទាំងអស់ សូមរួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងត្រូវការការអភិវឌ្ឍខេត្តពោធិ៍សាត់យើង ឱ្យមានការរីកចម្រើនឈានឡើង។
ឆ្លៀតក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនចំពោះលោកឧកញ៉ា ទូច គីម ម្ចាស់ក្រុមហ៊ុន គីម មិច ដែលបានចូលរួមបរិច្ចាគថវិកា សម្រាប់កិច្ចការងារសាងសង់សមិទ្ធផលខាងលើ ព្រមទាំងបន្តចុះសួរសុខទុក្ខអាជីវករផ្សារសាមគ្គីក្រគរ តាមបណ្តាតូបលក់ដូរ ប្រកបដោយបរិយាកាសស្និតស្នាលក្រៃលែង។ ដោយឡែកអាជីវករទាំងអស់ ត្រូវទទួលបានវត្ថុកំដរដៃ មីជាតិ១កេសតូចស្មើៗគ្នា និងអ្នកប្រកបរបររត់ឌុប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ជាង៨០០នាក់ ក្នុងម្នាក់ៗទទួលបាន សាំង៥លីត្រ និងអាវយឺតចំនួន២ផងដែរ៕