(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសហ្វីលីពីន បានប្រកាសជាសាធារណៈថា បានកំណត់យុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ” រួចហើយ ដើម្បីទប់ទល់នឹងប្រតិបតិ្តការរបស់នាវាចិននៅសមុទ្រចិនខាងត្បូង។ តើ “តំបន់ពណ៌ប្រផេះ”ដែលលោកបានលើកឡើងគឺជាអ្វី? តើអ្វីដែលហៅថាយុទ្ធសាស្ត្រនេះ នឹងបង្កភាពចលាចលដល់សមុទ្រចិនខាងត្បូង យ៉ាងដូចម្ត៉េច ?
អ្វីដែលហៅថាយុទ្ធសាស្ត្រ <<តំបន់ពណ៌ប្រផេះ>>
សំដៅទៅលើចង់ឈានដល់គោលដៅយោធា ដោយមិនប្រើប្រាស់មធ្យោបាយយោធា ពោលគឺផ្សារភ្ជាប់នូវអំណាចទន់ និងអំណាចរឹង តាមរយៈការបង្កើតច្បាប់កំណត់និងរបៀបវារៈ ដើម្បីសម្រេចបាននូវការទប់ស្កាត់ទៅលើ ដៃគូប្រជែងដោយប្រើប្រាស់ដើមទុនតិច។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាវាដឹកជញ្ជូនសម្ភារៈរបស់ហ្វីលីពីនមួយគ្រឿងបានបំពានចូល លំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren'ai នៃប្រជុំកោះ Nansh ប្រទេសចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ ប្រភពព័ត៌មានបានឱ្យដឹងថា អ្វីដែលហៅថានាវាស៊ីវិលរបស់ហ្វីលីពីននេះ បានផ្ទុកកាំភ្លើង rifle ៨ដើម ។ មិនត្រឹមតែប៉ុណ្ណោះ នៅលំហសមុទ្រក្បែរកោះ Huangyan នៃប្រទេសចិន ហ្វីលីពីនបានរៀបចំអ្វីដែលហៅថា អង្គការស៊ីវិលនិងអ្នកចូលចិត្តជិះនាវា ធ្វើការជួបជុំដោយខុសច្បាប់ទៀត ប្រការនេះក៏ជាមធ្យោបាយមួយរបស់ហ្វីលីពីន ដើម្បីលាក់បង្កប់កម្លាំងយោធា។
ទីពីរ អ្វីដែលហៅថា “មធ្យោបាយផ្នែកសេដ្ឋកិច្ច” ។ កាលពីខែតុលា ឆ្នាំ២០២៣ បណ្តាញព័ត៌មាន Rappler ដែលជាប្រព័ន្ធសារព័ត៌មានរបស់ហ្វីលីពីនបានចេញផ្សាយដំណឹងថា លោក Jaime J. Bautista រដ្ឋមន្ត្រីក្រសួងគមនាគមន៍ នៃប្រទេសហ្វីលីពីនបានបង្ហើបថា ក្រុងម៉ានីលកំពុងស្វែងរក ប្រភពសហហិរញ្ញប្បទានផ្សេងទៀត សម្រាប់ផ្លូវដែក Mindanao ផ្លូវដែកSCRP និងផ្លូវដែកខ្សែខាងត្បូង។ តាមផែនការដំបូង ប្រទេសចិននឹងផ្តល់ជំនួយជាថវិកានិងសាងសង់ គម្រោងផ្លូវដែកទាំងនេះ។ ប៉ុន្តែ រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន ចង់គំរាមកំហែងប្រទេសចិនតាមរយៈការផ្លាស់ប្តូរ ភាគីម៉ៅការសាងសង់។
ទីបី លាក់បាំងបំណងទុច្ចរិតដែលទន្ទ្រានកាន់កាប់ តាមរយៈការងារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេស។ ក្នុងប្រវត្តិសាស្ត្រ ហ្វីលីពីនធ្លាប់ធ្វើសកម្មភាពនៅសមុទ្រចិនខាងត្បូង ដោយយកការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេសធ្វើជាលេស ហើយអះអាងថា បានរកឃើញទឹកដីគ្មានម្ចាស់មុនគេ បន្ទាប់មក បានឃោសនាបំប៉ោងជាមួយរដ្ឋាភិបាល ប៉ុនប៉ងសម្រេចបាន នូវការទន្រ្ទានកាន់កាប់។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក អ្វីដែលហៅថាសមាជិកនៃក្រុមសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រនិងបច្ចេកទេស បានឡើងលើថ្មប៉ប្រះទឹក Tiexian និងថ្មប៉ប្រះទឹក Xianbin មើលទៅហាក់ដូចជាគ្មានការរៀបចំដោយរដ្ឋាភិបាល ប៉ុន្តែតាមពិត ទាំងនេះសុទ្ធតែជាទង្វើផ្លូវការ។
ទីបួន បំផុសសង្គ្រាមការយល់ដឹងទៅលើប្រទេសចិន។ ដើម្បីលាបពណ៌ទៅលើប្រទេសចិន ភាគីហ្វីលីពីនបានប្រើប្រាស់ គ្រប់មធ្យោបាយ។ មធ្យោបាយធម្មតាបំផុត គឺផលិតវីដេអូក្លែងក្លាយ តាមរយៈការកែប្រែវិធីថតវីដេអូ ឧទាហរណ៍ដូចជា តាមពិតទៅ បុគ្គលិកអនុវត្តច្បាប់របស់ចិនកំពុងយាមការពារ ប៉ុន្តែក្នុងវីដេអូរបស់ហ្វីលីពីន បានប្រែជាកំពុងវាយប្រហារទៅវិញ ។ ខណៈពេលឆ្មាំសមុទ្រចិន ប្រកាសវីដេអូថតនៅកន្លែងកើតហេតុដោយទាន់ពេលវេលា ទើបឱ្យអ្នកផងទាំងពួងដឹង ការពិតយ៉ាងច្បាស់លាស់។ អ្វីដែលត្រូវលើកឡើងនោះ គឺពឹងតែហ្វីលីពីនម្នាក់ឯង មិនអាចសម្រេចបាននូវយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”ទេ វាត្រូវការខ្នងបង្អែកកាន់តែក្រាស់ ពោលគឺអាមេរិក។
អ្នកវិភាគយល់ឃើញថា អាមេរិកនិងហ្វីលីពីនបានសហការគ្នាអនុវត្តយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដែលសំដៅចំពោះប្រទេសចិន ហើយក៏មានការប៉ុនប៉ងជាច្រើន ។ ទីមួយ ប៉ុនប៉ងធានាអះអាងវត្តមានជាបន្តបន្ទាប់ របស់កម្លាំងជើងទឹករបស់អាមេរិក ក្នុងសមុទ្រចិនខាងត្បូង និងធានាអះអាងអ្វីដែលហៅថា “សេរីភាពនាវាចរណ៍” ។ ទីពីរ គឺប៉ុនប៉ងជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងសម័្ពន្ធមិត្ត រវាងអាមេរិកនិងប្រទេសជិតខាងនៅសមុទ្រចិនខាងត្បូង ។ ទីបី តាមរយៈការលូកដៃចូលជម្លោះរវាងចិន និងប្រទេសជិតខាង ក្នុងបញ្ហាទឹកដីនិងសមុទ្រ ដើម្បីបង្រ្កាបចន្លោះយុទ្ធសាស្ត្ររបស់ចិន ក៏ដូចជាទប់ស្កាត់និន្នាការអភិវឌ្ឍន៍របស់ចិន។
ដូចអ្នកផងបានដឹងហើយថា អាមេរិកមិនធ្វើសប្បុរសធម៌នោះទេ ទោះបីជាសម័្ពន្ធមិត្តនិងប្រទេសជាគូដៃជិតស្និទ្ធបំផុតក៏ដោយ ក៏មិនត្រូវបានអាមេរិកផ្តល់ ការគាំទ្រទាំងសុទ្ធចិត្តដែរ។ នៅទីបំផុត តើនរណាមកទទួលខុសត្រូវលើយុទ្ធសាស្ត្រ “តំបន់ពណ៌ប្រផេះ”? ជឿជាក់ថា ភាគីពាក់ព័ន្ធដែលបូករួមទាំងអាមេរិកផងដែរនោះ សុទ្ធតែដឹងច្បាស់រួចហើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន