កម្លាំងនគរបាលខេត្តកំពត ចាប់ជនទំនើងម្នាក់នៅស្រុកអង្គរជ័យ ដែលសៀតកាំបិតប៉័ងតោជាប់ចង្កេះ ប៉ុនប៉ងបង្កហិង្សាតាមមូលដ្ឋាន (Video inside)

Posted By: RoogRog Robot | 27-Dec-2024 13:11:45

2024-12-27 01:09pm

(កំពត)៖ ក្រោយបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងក្រុមក្មេងទំនើងដែលបង្កភាពអនាធិបតេយ្យតាមមូលដ្ឋាននោះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេសបាននិងកំពុងបញ្ចេញ ប្រតិបត្តិការយ៉ាងក្តៅគគុកតាមចាប់ជាបន្តបន្ទាប់ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនទំនើងម្នាក់ដែលសៀតកាំបិតប៉័ងតោនឹងចង្កេះ នៅស្រុកអង្គរជ័យ ប៉ុនប៉ងបង្កហិង្សាតាមមូលដ្ឋាន។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ​បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានការបង្ហោះនៅលើបណ្តាញសង្គមករណីក្រុមទំនើង បង្ហាញកាំបិត និងសៀតកាំបិតប៉័ងតោជាប់ចង្កេះនោះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានចុះស្រាវជ្រាវជាបន្ទាន់។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, ក្រោយចុះស្រាវជ្រាវកម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនទំនើងម្នាក់មានឈ្មោះ សៅ វាយុ អាយុ២៧ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលបាននិងកំពុងធ្វើការស្រាវជ្រាវ តាមចាប់បក្ខពួកដែលរត់គេចខ្លួនបន្តទៀតនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

សម្រាប់ជនល្មើសម្នាក់នេះ ត្រូវបានបញ្ជូនមកសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជាជាថ្មីម្ដងទៀត ឲ្យបន្ដចាត់វិធានការច្បាប់ម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួងយុត្តិធម៌ពិនិត្យក្នុងការធ្វើវិសោធន៍កម្មច្បាប់ពាក់ព័ន្ធជាមួយទោសទណ្ឌនេះ ដោយត្រូវធ្វើយ៉ាងកម្រិតនៃការដាក់ទោសឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការរៀងចាលបញ្ឈប់សកម្មភាព។

ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឲ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...