(ភ្នំពេញ)៖ ឆ្លងកាត់ប្រវត្តិសាស្ត្រ ដ៏យូរលង់ណាស់មកហើយ ទំនាក់ទំនងកម្ពុជាចិន ត្រូវបានស្ថិតក្នុងក្រសែភ្នែកពិភពលោក ហើយគត់សម្គាល់ថា មានភាពរីកចម្រើនទ្វេដងលើ គ្រប់វិស័យទាំងអស់ ដែលនេះឆ្លុះបញ្ចាំងកាន់តែច្បាស់ពីចំណងមិត្តភាព ដែកថែបភាពជាបងប្អូននៃប្រទេសយើងទាំងពីរ។
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ពោលគឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំ២០២៤នឹងត្រូវបញ្ចប់ ហើយបន្តចូលឆ្នាំថ្មីគឺឆ្នាំ២០២៥។ ពេញមួយឆ្នាំ២០២៤នេះ កម្ពុជាចិនបានកសាងចំណងមិត្ត ភាពមិនចាញ់ឆ្នាំមុនៗឡើយ ដោយបន្សល់ទុកនូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកលូតលាស់លើ គ្រប់វិស័យទាំងអស់។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានប្រសាសន៍ថា ឆ្នាំ២០២៤ ជាឆ្នាំប្រពៃល្អថ្លៃថ្លាដែលប្រជាជននៃប្រទេសយើងទាំងពីរ បានទទួលអំណពេញ ១ឆ្នាំ នូវសកម្មភាពដ៏ច្រើនលើសលុប នៃការផ្លាស់ប្ដូរយ៉ាងផុលផុសនៃទំនាក់ទំនងប្រជាជន និង ប្រជាជន កម្ពុជា-ចិន ដែលជាការឆ្លុះបញ្ចាំង នូវភាពកាន់តែរឹងមាំខ្លាំងឡើង នៃទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិន ហើយក៏ជាការរំលេចពីមរតក នៃទំនាក់ទំនងជាប្រពៃណី រវាងប្រជាជាតិយើងទាំងពីរ ដែលមានអាយុលើសពី២០០០ឆ្នាំថែមទៀតផង។ ប្រជាជនជាង១៥លាននាក់របស់កម្ពុជា និងជាង១ពាន់៤រយលាននាក់របស់ចិន ពីថ្នាក់ដឹកនាំដល់ប្រជាជនទូទៅ ពីទីក្រុងដល់ជនបទ ពីទីផ្សារដល់ជនបទដាច់ស្រយាល ពីប្រជាជនវ័យចំណាស់ដល់កុមារ បានវិញត្របាញ់ចូលគ្នា ដោយទាំងអស់គ្នាសុទ្ធសឹងបានដក់ជាប់ នូវសកម្មភាពនៃការផ្លាស់ប្ដូរ រវាងប្រជាជនកម្ពុជា និងប្រជាជនចិន។
លោកបណ្ឌិតបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនេះផ្តល់ នូវផលប្រយោជន៍៤យ៉ាងគឺ៖ លោកបណ្ឌិតបញ្ជាក់ថា ៖ទំនាក់ទំនងដ៏ល្អនេះ បានាំមកនូវផលប្រយោជន៍ <<1- ពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើ គោលការណ៍សន្តិភាពនិយម និងពហុភាគីនិយម សម្រាប់ថែរក្សាយ៉ាងរឹងមាំនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ សម្រាប់រួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក។ 2- ពង្រឹងចំណងទាក់ទងមេត្រីភាពកាន់តែរឹងមាំ នៃទំនាក់ទំនងដែកថែបកម្ពុជា-ចិនដែលបានទទួលបន្តមរតកដោយ ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជានិងចិន ក្នុងយុគសម័យថ្មី ដោយបន្ថែមបៃតងភាពដល់ដើមឈើ នៃមិត្តភាពកម្ពុជា-ចិន។
3-ពន្លាតទំនាក់ទំនងជាប្រពៃណី រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ ដើម្បីបង្កើនទាំងបរិមាណ និងគុណភាពនៃវិនិយោគិន និងទេសចរ ដោយត្រៀមខ្លួនសម្រាប់ ការទទួលអំណរ ឆ្នាំ២០២៥ ឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលជាមាសបៃតង សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ស៊ីជាមួយគំនិតផ្តួចផ្តើមទាំង៤របស់ប្រទេសចិន។ 4- រួមគ្នាក្នុងការផ្ដល់ផលប្រយោជន៍កាន់តែច្រើន កាន់តែធំ តាមគោលការណ៍នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។>>
ក្នុងនាមជាអ្នកស្រាវជ្រាវ លោកបណ្ឌិតជា មុនីឫទ្ធិបានកត់សម្គាល់ឃើញថា ទំនាក់ទំនងកម្ពុជានិងចិនគឺជាទំនាក់ទំនង គំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដែលប្រសូតចេញពីទំនាក់ទំនង ដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះទាំងអស់គ្នា៖
លោកបណ្ឌិតបញ្ជាក់ដូច្នេះថា ៖ <<1- ពីមួយជំនាន់ទៅមួយជំនាន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែរឹងមាំ ដែលជាការរំលេចឱ្យឃើញ នូវគំរូភាពដ៏ល្អប្រសើរនៃទំនាក់ទំនង ដែលប្រសូតចេញពីទំនាក់ទំនងដែលតែងបានតម្កល់យកនូវភក្ដីភាព សមភាព និងឈ្នះ-ឈ្នះ ធ្វើជាមូលដ្ឋាន។ 2- ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានបោះជំហានយ៉ាងស្វាហាប់ក្នុងរង្វង់កិច្ចសហប្រតិបត្តិការសន្តិភាព និងឈ្នះ-ឈ្នះ ដើម្បីផ្តល់ប្រយោជន៍កាន់តែធំដល់ការអភិវឌ្ឍសង្គមជាតិរៀងៗខ្លួន ដោយឈរយ៉ាងរឹងមាំ នៃការតម្កល់ផលប្រយោជន៍ជូនដល់ប្រជាជនជាអាទិភាព។ 3- ប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន បង្កើនសកម្មភាពបុរេសកម្មក្នុងការរឹតចំណងកាន់តែខ្លាំងក្លា នៃមិត្តភាពរវាងប្រទេសយើងទាំងពីរ។ 4- ប្រជាជនយើងទាំងពីរប្រទេសបានរៀនសូត្រពីគ្នាទៅវិញទៅមក នូវគោលការណ៍និងមាគ៌ាអភិវឌ្ឍ តាមបែបផែនរៀងៗខ្លួន ហើយជួយគ្នាទៅវិញទៅមក ប្រកៀកស្មាគ្នា កាន់ដៃគ្នាយ៉ាងណែន ដើម្បីធ្វើដំណើររួមគ្នា នៅលើវិថីល្បឿនលឿននៃការអភិវឌ្ឍ។>>
លោកជា ធីរិទ្ធ សាស្រ្តាចារ្យ នីតិអន្តរជាតិសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាបេក្ខជនបណ្ឌិតជំនាញនីតិអន្តរជាតិ សាធារណៈកំពុងសិក្សានៅប្រទេសចិនបានលើកឡើងថា ទំនាក់ទំនងកម្ពុជាចិននៅឆ្នាំ២០២៤នេះ បានឈានដល់កម្រិតកំពូល ដោយភាគីទាំងពីរខិតខំពូនជ្រុំ ពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពលើគ្រប់វិស័យ។ សម្រាប់ឆ្នាំ២០២៤ គណៈប្រតិភូមកពី ស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ បានឈានដល់កម្រិតកំពូលលើគ្រប់វិស័យ៖
លោកសាស្រ្តាចារ្យបញ្ជាក់បែបនេះថា ៖ <<កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននោះមាន ច្រើនណាស់ទៅហើយ ប៉ុន្តែអ្វីដែលត្រូវធ្វើបន្តនោះ គឺធ្វើយ៉ាងណាអនុវត្តន៍ឱ្យចេញជាលទ្ធផលល្អៗ បន្ថែមទៀតសម្រាប់ ប្រទេសយើងទាំងពីរ។ អ៊ីចឹងនៅឆ្នាំ២០២៤នេះ ភាគីទាំងពីរបានខិតខំធ្វើរឿងនេះច្រើន ។ ហើយសង្ឃឹមថា នៅឆ្នាំ២០២៥ខាងមុខផ្លែផ្កា នៃទំនាក់ទំនងនេះនិងកើតឡើងច្រើនថែមទៀត ជាពិសេសវិនិយោគទុនចិន កាន់តែច្រើននឹងមកកម្ពុជា។ ពាណិជ្ជកម្មក៏ដូចគ្នាដែរក៏សង្ឃឹមថា នឹងកើនឡើងផងដែរសម្រាប់ប្រទេសទាំងពីរ។>>
សរុបសេចក្តីមកដូចបណ្ដាឆ្នាំមុនដែរ ក្នុងឆ្នាំ២០២៤នេះ ទំនាក់ទំនងកម្ពុជា-ចិនបានស្គាល់តែភាពផ្អែមល្ហែម និងរីកចម្រើនលើគ្រប់វិស័យ។ ហើយភាពរីកចម្រើននេះ នឹងបន្តកើតមានកាន់តែខ្លាំងថែមទៀតនៅឆ្នាំ២០២៥ និងទៅអនាគត៕
វិទ្យុមិត្តភាពកម្ពុជាចិន