(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កំណែទម្រង់ស្ថាប័ននៅវៀតណាមនាពេលនេះ ស្រដៀងគ្នានឹងកំណែទម្រង់របស់លោក តេង ស៊ាវពីង នៅប្រទេសចិន នាដើមទសវត្សរ៍ឆ្នាំ១៩៨០។ ការលើកឡើងរបស់លោកបណ្ឌិត គិន ភា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចសន្ទាជាមួយ Fresh News នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងកិច្ចសន្ទានោះលោកបណ្ឌិត ខ្ញុំក៏បានបង្ហាញនូវសម្រង់កិច្ចសន្ទនាមួយរវាងលោក តេង ស៊ាវពីង និងសម្តេច នរោត្តម សីហនុ នាថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៨២។ ដែលនៅក្នុងសម្រង់កិច្ចសន្ទនានេះហើយ ដែលលោក តេង ស៊ាវពី បានលើកឡើងពីយុទ្ធសាស្ត្រកំណែទម្រង់ដ៏ស៊ីជម្រៅរបស់គាត់ ទូលថ្វាយសម្តេច នរោត្តម សីហនុ។ យុទ្ធសាស្ត្រកំណែទម្រង់របស់គាត់នេះហើយ ដែលរុញច្រានប្រទេសចិនឱ្យដើរមកដល់ថ្ងៃនេះ។
យុទ្ធសាស្ត្រកំណែទម្រង់ដ៏សំខាន់នេះ គឺផ្តោតលើស្ថិរភាពនយោបាយ លុបចោលស្ថានប័នត្រួតសមត្ថកិច្ចគ្នា កាត់បន្ថយចំនួនអង្គភាពដែលរីកប៉ោងនិងមានមនុស្សច្រើនជ្រុល កាត់បន្ថយមុខតំណែងអនុប្រធានដ៏ច្រើនហួសហេតុ និងសុំឱ្យកម្មាភិបាលចាស់ៗចូលនិវត្តន៍។
ខាងក្រោមនេះជាសម្រង់ផ្នែកមួយនៃប្រសាសន៍របស់លោក តេង ស៊ាវពីង និងសម្តេច នរោត្តម សីហនុ ក្នុងកិច្ចសន្ទនានោះ៖
[…] <<ឥឡូវនេះយើងកំពុងធ្វើកំណែទម្រង់ស្ថាប័ន។ យើងត្រូវតែជម្នះលើការិយាធិបតេយ្យឱ្យខាងតែបាន។ យើងត្រូវតែលុបបំបាត់ស្ថាប័នដែលមានសមត្ថកិច្ចត្រួតគ្នា ចំនួនស្ថាប័នដែលចេះតែរីកប៉ោងធំហួសប្រមាណ និងអង្គភាពឬនាយកដ្ឋានមានមនុស្សច្រើនជ្រុល។ បញ្ហាទាំងនេះគឺពាក់ព័ន្ធនឹងការចូលនិវត្តន៍របស់មនុស្សជាច្រើន។
យើងមានឧបនាយករដ្ឋមន្ត្រី (Vice Premiers) ច្រើនពេកនៅក្នុងក្រុមប្រឹក្សារដ្ឋ ដែលធ្វើការមិនទាន់សភាពការណ៍ឬធ្វើការមិនកើត។ ឯកសារផ្លូវការត្រូវចរាចរណ៍ទៅច្រើនកន្លែងហួសប្រមាណ ឯកសារមួយៗអាចត្រូវការចំណារយល់ព្រមជាងបួនដប់កន្លែង។ តើការងារមួយអាចសម្រេចទៅដោយរបៀបណា បើអង្គភាពមួយៗមានអនុប្រធានដ៏ច្រើនសម្បើមបែបនេះ?
កិច្ចការរបស់ក្រសួង និងគណៈកម្មការនានានៃរដ្ឋាភិបាលត្រូវបានបែងចែកច្រើនជ្រុល។ មានក្រសួង និងគណៈកម្មាការជាង៩០ ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សារដ្ឋ។ ក្រសួង និងគណៈកម្មាការទាំងនោះជាច្រើនគួរតែត្រូវបានបញ្ចូលគ្នា។ បញ្ហាមួយទៀតគឺកម្មាភិបាល (មន្ត្រី) ចាស់ៗដែលមានអាយុកាន់តែច្រើន។
យើងត្រូវតែដោះស្រាយបញ្ហានោះ គឺយើងត្រូវដោះស្រាយពេលនេះ បើយើងមិនដោះស្រាយពេលនេះ តើពេលណាយើងដោះស្រាយ? ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំ អ្នករាល់គ្នានឹងមានអាយុកើនឡើងមួយឆ្នាំជារៀងរាល់ឆ្នាំ។ យើងដោះស្រាយវាឱ្យដូចជាបដិវត្តន៍ ប៉ុន្តែជាបដិវត្តន៍ប្រឆាំងនឹងស្ថាប័ន គឺមិនមែនជាបដិវត្តន៍ប្រឆាំងនឹងប្រជាជនទេ។ តាមបទពិសោធន៍របស់យើងក្នុងរយៈពេលមួយខែនៃការងារកំណែទម្រង់ស្ថាប័ន យើងអាចឃើញថា ការងារនេះដំណើរការបានរលូន ហើយយើងនឹងទទួលបានជោគជ័យ។ ជោគជ័យនៃការងារនេះបង្ហាញថាប្រទេសយើងមានស្ថិរភាពនយោបាយ។
នៅពេលយើងលើកពីបញ្ហានេះ មានការពិភាក្សាជាច្រើននៅក្នុងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ពួកគេបាននិយាយថា វាជារឿងល្អ ប៉ុន្តែវានឹងពិបាកសម្រេចបានណាស់។ ឥឡូវនេះយើងនឹងបញ្ជាក់តាមរយៈការអនុវត្តថា វាមិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនចំណាយពេលយូរដែរ។ ពីដំបូងកំណែទម្រង់នេះត្រូវបានគេរំពឹងថា នឹងចំណាយពេលពីរឆ្នាំនៅកម្រិតមជ្ឈិម (ថ្នាក់ជាតិ)។ ប៉ុន្តែឥឡូវនេះ យើងនឹងបញ្ជាក់តាមរយៈបទពិសោធន៍ថា វាមិនត្រឹមតែអាចធ្វើទៅបានប៉ុណ្ណោះទេ ប៉ុន្តែវានឹងមិនចំណាយពេលយូរនោះទេ យើងអាចធ្វើវាបានក្នុងរយៈពេលប្រាំពីរ ឬប្រាំបីខែតែប៉ុណ្ណោះ។
យើងអាចអនុវត្តការងារកំណែទម្រង់ស្ថាប័នដោយរលូន ព្រោះយើងសម្រេចបាននូវស្ថិរភាពនយោបាយ និងការបន្តនិរន្តរភាពនៃគោលនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាការណ៍ពិតណាស់ នេះជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែសមមិត្តរបស់យើងនៅក្នុងបក្ស ជាពិសេសកម្មាភិបាលចាស់ៗ បានយល់ស្របជាឯកច្ឆ័ន្ទពីការចាំបាច់ក្នុងរឿងនេះ។ នេះគឺជាលក្ខខណ្ឌអំណោយផលណាស់។ ស្ទើរតែគ្មានប្រទេសសង្គមនិយមណាមួយអាចដោះស្រាយបញ្ហានេះបានទេ។ យើងកំពុងបង្កើតបទពិសោធន៍ដំបូងគេលើរឿងនេះ>>[...]៕