(កោះកុង)៖ យ៉ាងហោចមានប្រតិភូចម្រុះក្រសួង-ស្ថាប័ន ក៏ដូចជាអ្នកដំណើរប្រមាណ ៦០នាក់ បានធ្វើដំណើរជាមួយជើងហោះហើរជួលក្នុងស្រុក (Domistic charter flight) លើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ប្រកបដោយភពជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្រោយពេលចុះចតដោយជោគជ័យ អ្នកដំណើរទាំង ៦០នាក់ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment (CAI) ព្រមទាំងមានការបំពាក់ក្រមាខ្មែរ អមដោយអ្នកភ្លេងឆៃយ៉ាំប្រពៃណីខ្មែរ ប្រគំស្វាគមន៍ផងដែរ។ យន្តហោះដឹកអ្នកដំណើរនេះដែរ គឺជាយន្តហោះខ្នាតតូច របស់ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ (Angkor Air)។
ពិធីទទួលស្វាគមន៍ភ្ញៀវទេសចរ និងជើងហោះហើរជួល ក្នុងស្រុកលើកដំបូង ក៏បានប្រារព្ធឡើងជាផ្លូវការ នៅអគារទទួលអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ព្រមទាំងមានការចូលរួមពីលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAI លោក ឱក តារារិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ក៏ដូចជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ សរុបប្រមាណ១៥០នាក់។
លោកប្រធាន លី ម៉ុងឈិន បានជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ រយៈពេលខ្លី និងមធ្យម ក្នុងករណីមានការបើកការហោះហើរ ជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ ក្រុមហ៊ុនរំពឹងថាអាកាសយានដ្ឋាននេះ អាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០។
លោកប្រធាន លី បានបន្តថា នៅក្នុងប្រទេស ក្រៅពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក៏អាចតភ្ជាប់ជើងហោះហើរ ពីអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខេត្តសៀមរាបជាដើម ពិសេសក្រុមហ៊ុនក៏មានផែនការតភ្ជាប់ជើងហោះហើរ នៅក្រៅប្រទេសផងដែរ ពោលគឺនៅពេលបើកដំណើរអាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ ជាជាផ្លូវការ នាពាក់កណ្ដាលឆ្នាំ២០២៥ខាងមុខ។
ជាមួយនឹងការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជារដ្ឋបាលខេត្តកោះកុង សមាគមទេសចរណ៍ និងក្រុមហ៊ុនវិនិយោគសុទ្ធតែរំពឹងពីកំណើន វិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យឧស្សាហកម្ម ការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងឱកាសការងារបន្ថែមដល់ប្រជាពលរដ្ឋ នៅខេត្តកោះកុង និយាយដោយឡែក និងសេដ្ឋកិច្ចកម្ពុជាទាំងមូល និយាយជារួម៕