(ស្វាយរៀង)៖ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបំប៉នពង្រឹងសមត្ថភាព គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន៥៥៧នាក់ឆ្នាំសិក្សា២០២៤-២០២៥ ដើម្បីធ្វើឱ្យគ្រូកិច្ចសន្យាមានជំនាញសម្រាប់ការបង្រៀន និងរៀន និងកែលម្អគុណភាពនៃការបង្រៀន និងការរៀននៅក្នុងសាលាឱ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះលោក ហែម សារិទ្ធ បានថ្លែងថា វិស័យអប់រំជាវិស័យមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាវិស័យអាទិភាពទី១។ លោកថា ដើម្បីបំពេញតម្រូវការសម្រាប់ការបង្រៀននៅតាមគ្រឹះស្ថានបឋមសិក្សា និងមត្តេយ្យសិក្សាក្នុងស្រុកស្វាយជ្រំ រដ្ឋបាលស្រុកបានជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន៥៥៧នាក់ ដើម្បីបម្រើការងារនៅតាមអង្គភាព សាលារៀនបឋមសិក្សា និងមត្តេយ្យសិក្សា។
អភិបាលស្រុកបានបន្តថា <<ការបើកវគ្គបំប៉ននេះ គឺជាការពង្រឹងសមត្ថភាពដើម្បីជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ផ្ទេរចំណេះដឹងដល់សិក្សានុសិស្ស ដើម្បីជាធនធានមនុស្សមួយដ៏ល្អ សម្រាប់បន្តវេនចូលរួមអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត>>។
លោកបានបន្តថា គ្រូបង្រៀនជាប់កិច្ចសន្យាត្រូវបានជ្រើសរើសចេញពីសិស្សនិស្សិត ដែលមានសញ្ញាបត្រ ចាប់ពីមធ្យមសិក្សាទុតិយភូមិ និងជ្រើសរើសចេញពីគ្រូបង្រៀនជាប់កិច្ចសន្យា ដោយផ្អែកទៅលើលក្ខណៈសម្បត្តិ ផ្នែកគរុកោសល្យ គឺគ្រូបង្រៀនជាប់កិច្ចសន្យាត្រូវមានការបណ្តុះបណ្តាល ផ្នែក គរុកោសល្យទើបមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញតួនាទីជាគ្រូបង្រៀន ដែលជាវិស្វករព្រលឹង។
លោកបានគូរបញ្ជាក់ថា ការបំប៉នពង្រឹងអំពីបច្ចេកទេសនៃការបង្រៀន និងការរៀន ការគ្រប់គ្រងថ្នាក់រៀន រដ្ឋបាលគ្រូ និង ផ្តល់ឱកាសសម្រាប់គ្រូបង្រៀនជាប់កិច្ចសន្យាប្រាស្រ័យទាក់ទង និងការចែករំលែកបទពិសោធន៍ពីគ្រូបង្រៀន ដែលមានស្នាដៃល្អ និងមន្ត្រីការិយាល័យអប់រំ។
បន្ថែមលើសពីនេះ លោកអភិបាលស្រុកបានស្នើលោកគ្រូអ្នកគ្រូដែលទទួលការបំប៉ននៅថ្ងៃនេះ ត្រូវគោរពពេលវេលាសិក្សារៀនសូត្រនិងស្វែងយល់ឲ្យបានស៊ីជម្រៅរាល់ខ្លឹមសារមេរៀន ដែលគ្រូបានឧទ្ទនាមជូន ក្នុងករណីមេរៀនដែលមិនយល់ត្រូវស្នើដល់គ្រូឧទ្ទេសធ្វើការបកស្រាយ ដើម្បីទទួលយកចំណេះដឹងទាំងនេះទៅអនុវត្តបង្រៀនសិស្សឲ្យបានចំទិសដៅនិងមានប្រសិទ្ធភាពផងដែរ៕