(សៀមរាប)៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់បុគ្គលិក ក្រោមប្រធានបទ <<តួនាទីគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង>> ជាមួយការលើកទឹកចិត្តដល់បុគ្គលិកឱ្យពង្រឹងលើការកសាងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ពិសេសត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានឥរិយាបថបុរេសកម្ម ដើម្បីឆ្លើយតបទៅតាមផែនទីបង្ហាញផ្លូវរបស់ធនាគារ ARDB។
កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើឡើងនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ចាន់ សីហា អគ្គនាយករងធនាគារ ARDB និងជាតំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។
ថ្លែងក្នុងពិធីបើកនាព្រឹក លោកអគ្គនាយករង ចាន់ សីហា បានឱ្យដឹងថា កម្មវិធីប្រជុំប្រចាំឆ្នាំរបស់បុគ្គលិក គឺបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងឱ្យបុគ្គលិកទាំងអស់ទទួលបានយល់ដឹងបន្ថែម រឹតចំណងសាមគ្គីភាពផ្ទៃក្នុង និងបង្កើននូវទំនាក់ទំនងល្អរវាងថ្នាក់គ្រប់គ្រងនិងបុគ្គលិក ក៏ដូចជាការលើកទឹកចិត្តបុគ្គលិកឱ្យមានការចូលរួមយ៉ាងសកម្មជាមួយធនាគារ។
ជាមួយគ្នានេះ កម្មវិធីប្រជុំប្រចាំឆ្នាំនេះមានភាពខុសប្លែកគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យបុគ្គលិកកាន់តែមានភាពសប្បាយនិងអាចចូលរួមបានយ៉ាងប្រសើរ ស្របតាមគោលបំណងនៃការរៀបចំ ដោយក្នុងនោះរួមមាន ការផ្តល់នូវចែករំលែកព័ត៌មានអំពីវឌ្ឍនភាពព្រមទាំង គោលដៅបន្តរបស់ធនាគារ ការបណ្តុះបណ្តាលជំនាញផ្សេងៗ សកម្មភាពផ្សេងៗ ដើម្បីពង្រឹងស្មារតីក្រុម និងស្មារតីស្ថាប័នដល់បុគ្គលិក កម្មវិធីសង្គម និងកម្មវិធីកម្សាន្តជាដើម។
ក្នុងឱកាសបិទកម្មវិធីនាពេលល្ងាច លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់នូវលទ្ធផលការងារដែលសម្រេចបាននៅឆ្នាំ២០២៤ និងបានដាក់ទិសដៅការងារត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ ហើយបានណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីសម្រេចបាននូវលទ្ធផលការងារល្អបន្ថែមទៀត ដើម្បីឆ្ពោះទៅក្លាយជាធនាគារឈានមុខគេនៅកម្ពុជា។
បន្ថែមលើសពីនេះ លោកបានលើកទឹកចិត្តដល់បុគ្គលិកឱ្យពង្រឹងលើការកសាងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ពិសេសត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងមានឥរិយាបថបុរេសកម្ម ដើម្បីឆ្លើយតបទៅតាមផែនទីបង្ហាញផ្លូវរបស់ធនាគារ ARDB៕