បទវិភាគ៖ ពិភពលោករំពឹងថា ចិននិងសហរដ្ឋអាមេរិក នឹងផ្តល់ភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក

Posted By: RoogRog Robot | 21-Dec-2024 16:14:29

2024-12-21 04:10pm

(ប៉េកាំង)៖ ចាប់ពីពាក់កណ្តាលខែធ្នូមក ចិននិងអាមេរិកមានការប្រាស្រ័យទាក់ទងក្នុងស្រទាប់ជាន់ថ្នាក់ជាច្រើន ។ ឥស្សរជនវិភាគបានលើកឡើងថា ក្នុងដំណាក់កាលអន្តរកាលផ្លាស់ប្តូរ អាណត្តិនៃរដ្ឋាភិបាលអាមេរិក ចិននិងអាមេរិកអាចជំរុញ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាលំដាប់ វាគឺជាសញ្ញាដ៏វិជ្ជមានមួយ ។

ប្រវត្តិសាស្ត្រជាកញ្ចក់មួយ។ បទពិសោធន៍នៃខួបទី៤៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា បើមានទំនាក់ទំនងល្អ នឹងអាចផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ហើយការបដិបក្ខគ្នានឹងមានផលប៉ះពាល់ទាំងសងខាង ។ នៅខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនិងផ្ញើសារលិខិតអបអរសាទរ ចំពោះលោកត្រាំ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ដែលបានចង្អុលបង្ហាញទិសដៅចំពោះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក នៅដំណាក់កាលដ៏សំខាន់។

លោកប្រធានរដ្ឋចិន Xi Jinping បានបូកសរុបបទពិសោធន៍និងការផុសគំនិត៧ចំណុច អំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ ក្នុងនោះ ចំណុចមួយគឺចិននិងអាមេរិកគួរ “រៀបចំធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការកាន់តែច្រើន” ។ នេះបានបង្ហាញពីការយល់ដឹងដ៏ស៊ីជម្រៅ ចំពោះផលប្រយោជន៍រួមរវាងចិននិងអាមេរិក ហើយក៏ជាការរំពឹងទុកដ៏ម៉ឺងម៉ាត់ចំពោះ ចិននិងអាមេរិកដែលរួមគ្នា រ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំផងដែរ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើពិភពលោក ផលប្រយោជន៍រួមនៃប្រទេសទាំងពីរចិននិងអាមេរិក ក្នុងស្ថានការណ៍នាពេលបច្ចុប្បន្ននេះមិនមែនត្រូវកាត់បន្ថយនោះទេ តែគឺកាន់តែច្រើនឡើងៗ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមការណែនាំនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងអាមេរិកបានស្តារឡើងវិញនិងបង្កើតថ្មីនូវយន្តការផ្លាស់ប្តូរចំនួនជាង២០ ដែលទទួលបានសមិទ្ធផលជាវិជ្ជមានក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប្រឆាំងនឹងគ្រឿងញៀន កសិកម្មនិងវប្បធម៌មនុស្សជាតិជាដើម។ ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ភាគីទាំងពីរក៏បានរៀបចំធ្វើការប្រាស្រ័យទាក់ទង ជាយុទ្ធសាស្ត្រពីរជុំនិងកិច្ចប្រជុំ នៃក្រុមការងារហិរញ្ញវត្ថុនិងសេដ្ឋកិច្ចចំនួន៥លើក ហើយរួមគ្នាចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ស្តីពីភាពវៃឆ្លាតសិប្បនិម្មិតរៀងៗខ្លួនក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិដែរ ដែលទទួលការស្វាគមន៍ពីមជ្ឈដ្ឋាននានា រវាងចិននិងអាមេរិក។ នេះបានបង្ហាញយ៉ាងពេញលេញថា ឱ្យតែចិននិងអាមេរិកមានបំណងធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ នោះក៏នឹងផ្តោតសំខាន់លើផលប្រយោជន៍រួមឱ្យកាន់តែល្អ និងដោះស្រាយកង្វល់រៀងៗខ្លួនឱ្យបានសមរម្យ ដើម្បីរួមចំណែកដល់ការបង្កើនទំនុកចិត្ត ខាងនយោបាយរវាងប្រទេសទាំងពីរ។

ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយលើពិភពលោក កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក មានសារសំខាន់ដ៏លេចធ្លោចំពោះពិភពលោក។ ចិននិងអាមេរិក គួររ៉ាប់រងទំនួលខុសត្រូវ ក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍ ទូទាំងពិភពលោក នេះក៏សមស្របនឹងការរំពឹងទុករបស់ពិភពលោកផងដែរ។

ពេលចូលរួមកិច្ចជំនួបក្រុងលីម៉ារវាងប្រមុខរដ្ឋចិននិងអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយយ៉ាងច្បាស់លាស់អំពីគោលការណ៍ គំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់របស់ភាគីចិន ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិក ដោយគូសបញ្ជាក់ថា ភាគីចិនប្រកាន់ខ្ជាប់ “ការមិនកែប្រែចំនួនបួន” ព្រមពេលជាមួយគ្នានេះ បានកំណត់ខ្សែបន្ទាត់ក្រហមបួនគឺបញ្ហាតំបន់តៃវ៉ាន់ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធរបបនិងសិទ្ធិអភិវឌ្ឍន៍។ ភាគីអាមេរិកគួរយោគយល់ដោយគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវចំពោះគោលជំហរ របស់ភាគីចិន ដើម្បីដើរស្របតាមទិសដៅជាមួយភាគីចិន។

បើមើលពីការពិតជាក់ស្តែង ការប្រកួតប្រជែងមិនមែនជាខ្លឹមសារទាំងអស់នៃទំនាក់ទំនងរវាងចិននិងអាមេរិកទេ ត្រូវយកចិត្តទុកដាក់ដល់ ទាំងការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការ ហើយការពិតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក គឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ភាគីអាមេរិកមិនត្រូវរំពឹងទុកស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើវិស័យមានតម្រូវការ ខណៈពេលបន្តបង្កើនការទប់ស្កាត់ ឡោមព័ទ្ធនិងគាបសង្កត់ទៅលើប្រទេសចិន ដើម្បីបំផ្លាញផលប្រយោជន៍របស់ចិន។

បច្ចុប្បន្ននេះ ពិភពលោកបានមានគំនិតឯកភាពរួមហើយថា ការអភិវឌ្ឍដោយនឹងនរនៃទំនាក់ទំនងរវាងចិននិងអាមេរិក គឺពាក់ព័ន្ធដល់វាសនារបស់ប្រជាជននៃប្រទេសទាំងពីរផង ហើយក៏ពាក់ព័ន្ធដល់វាសនានិងអនាគតរបស់មនុស្សជាតិផងដែរ ។ ពិភពលោកកាន់តែរំពឹងថា ចិននិងអាមេរិកអាចបន្តរក្សាកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទង ទទួលខុសត្រូវជាប្រទេសធំ រួមគ្នាធ្វើកិច្ចការកាន់តែធំនិងកាន់តែល្អឱ្យបានច្រើន ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើន ដល់ពិភពលោកដែលមិនប្រាកដប្រជា៕

វិទ្យុមិត្តភាពកម្ពុជាចិន



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...