អតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ ផ្តាច់ខ្លួនចេញពីចលនាជ្រុលនិយម សម រង្សុី និងសុំរួមរស់ជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា (Video inside)

Posted By: RoogRog Robot | 07-Dec-2024 21:19:09

2024-12-07 09:08pm

(ភ្នំពេញ)៖ លោក សេង សោភ័ណតារា អតីតសមាជិកគណៈកម្មាធិការ​នា​យកអតីតគណបក្សសង្គ្រោះជាតិ សម្រេចចិត្តដើរចេញពីចលនាជ្រុល​និយមដឹកមុខដោយជនក្បត់ជាតិ សម រង្សុី និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សេង សោភ័ណតារា ជាអ្នកនយោបាយមួយរូប ដែលបានចូលរួម​ប្រឡូក​ក្នុងសមរភូមិនយោបាយជាមួយលោក សម រង្សុី ជាច្រើនឆ្នាំមក​ហើយ។ នៅឆ្នាំ២០១៣ ឆ្នាំដែលអតីតគណបក្សសង្គ្រោះជាតិ​ចាប់​កំណើត​នោះ លោក សេង សោភ័ណតារា ត្រូវបានតែងតាំងជាសមាជិកគណៈកម្មា​ធិ​ការ​នាយក ជាប្រធានក្រុមការងារចុះជួយស្រុកអូររាំងឪ និងជាបេក្ខជន​តំណាង​រាស្ត្រនៅខេត្តកំពង់ចាមថែមទៀតផង។

ពេលនេះលោក សេង សោភ័ណតារា បានភ្ញាក់ខ្លួន និងមើលឃើញពី​នយោ​បាយគ្រោះថ្នាក់ចំពោះជាតិកើតចេញពីនយោបាយបែបជ្រុលនិយម​របស់លោក សម រង្សុី ជាហេតុជំរុញឱ្យរូបលោកត្រូវដើរចេញពីចលនា​បំផ្លាញ​ជាតិនេះ។

ទន្ទឹមនឹងការដើរចេញពីចលនាជ្រុលនិយមដឹកនាំដោយ សម រង្សុី ហើយនោះ លោក សេង សោភ័ណតារា ក៏បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

អតីតអ្នកស្ម័គ្រស្មោះនឹងបក្សប្រឆាំងរូបនេះ បានអះអាងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដោយសារតែរូបលោក បានមើលឃើញពីដឹកនាំដ៏ត្រឹមត្រូវ របស់គណ​បក្ស​ប្រជាជនកម្ពុជា ជាពិសេសគោលនយោបាយអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែលនាំឱ្យកម្ពុជាមានភាពរីកចម្រើន និងមានសុខសន្តិភាពពេញ​លេញ។

រឿងដែលលោកពេញចិត្តកាន់តែខ្លាំងទៀតនោះ គឺការរៀបចំ ដង្ហែអង្គ​កឋិន​​មហាសាមគ្គីគ្រួសារខ្មែរជាប្រវត្តិសាស្ត្រទៅកាន់ដែនដីខ្មែរក្រោម ជាអង្គ​កឋិនបើកទំព័រប្រវត្តិសាស្ត្រថ្មីផ្សាភ្ជាប់​រវាង​ខ្មែរកណ្ដាល និង​ខ្មែរ​ក្រោម​ដែលរាប់ទសវត្សរ៍កន្លងមកហើយ គ្មានមេដឹកនាំរូបណាផ្ដើមធ្វើ​បាន​ឡើយ។

ក្រោយទទួលបានសំណូមពរខាងលើនេះ ក្នុងនាមគណបក្សប្រជាជន​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​ស្វាគមន៍យ៉ាងកក់ក្តៅ។

សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយមនុស្សដែលស្ម័គ្រស្មោះជាមួយបក្សប្រឆាំង ជាពិសេសជាមួយលោក សម រង្សុី បានសម្រេចចិត្តដើរចេញជាបន្តបន្ទាប់។ ការដើរចេញព្រោះពួកគេមិនពេញចិត្តចំពោះនយោបាយជ្រុលនិយមបង្កគ្រោះដល់ជាតិ ដឹកនាំដោយលោក សម រង្សុី។ បន្ថែមពីលើនោះ ពួកគេបានមើលឃើញច្បាស់ពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន បន្តធានារក្សានូវសុខសន្តិភាព ស្ថេរភាពសង្គម និងជំរុញដល់កិច្ចអភិវឌ្ឍន៍ជាតិ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...