យុវជនស្រឡាញ់បរិស្ថាន គាំទ្រយុទ្ធនាការរបស់ក្រសួងបរិស្ថានក្នុងគោលដៅធានានូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ

Posted By: RoogRog Robot | 07-Dec-2024 20:45:40

2024-12-07 08:43pm

(ភ្នំពេញ)៖ យុវជនមកពីសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម និងបណ្តាអង្គការសមាគមសង្គមស៊ីវិលជាច្រើននាក់ បានចូលរួមជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរក្រុងស្រុក ក្រុមប្រឹក្សាឃុំ ភូមិ សិស្សានុសិស្ស លោកគ្រូអ្នគ្រូ និងប្រជាពលរដ្ឋ ចុះសំអាតផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ។

លោក ជុំ ហួត ប្រធានស្ថាបនិកក្រុមយុវជន សមាគមអ្នកស្រឡាញ់បរិស្ថាននិងសង្គម បានលើកឡើងថា យុវជនកម្ពុជា បានគាំទ្រនិងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព។ នៅក្នុងថ្ងៃសៅរ៍ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមយុវជនសង្គមស៊ីវិលជាច្រើននាក់បានដាក់ពង្រាយគ្នា ចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ធ្វើការអប់រំផ្សព្វផ្សាយ និងសំអាតតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីកាត់បន្ថយប្រើប្រាស់ប្លាស្ទិក សម្អាតសំរាមតាមទីសាធារណៈ នៅលើផ្លូវជាតិលេខ៣ ស្ថិតនៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថាលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ទទួលបានសមិទ្ធផលជាច្រើន ទទួលបានការចូលរួមនិងគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត រដ្ឋបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាពិសេសលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់ទិសទី។

ជាក់ស្តែងលើភាពស្អាតលើដី យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ <<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ>> បានសម្រេចបានជោគជ័យ ដែលមានមនុស្សចូលរួមសរុបចំនួន ៩,៧លាននាក់។ បន្ទាប់មកទៀត ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការថ្មី១ បន្ថែមទៀត គឺយុទ្ធនាការ <<កម្ពុជាស្អាត ខ្មែរធ្វើបាន>> ដែលសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមករើសសំរាមទាំងអស់គ្នា នៅជុំវិញផ្ទះ សាលារៀន វត្តអារាម តាមទីសាធារណៈ និងដងផ្លូវជាតិ ចំនួន ១ថ្ងៃ យ៉ាងតិចរយៈពេល ១៥នាទី ក្នុង១សប្តាហ៍ ដោយធ្វើការប្រមូល និងទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

យុទ្ធនាការរបស់ក្រសួងបរិស្ថាន គឺធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ កម្ពុជាមានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០>>។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថាការចូលរួមពីផ្នែកឯកជន និងបណ្តាអង្គការសមាគមនានាកាន់តែច្រើន និងយ៉ាងផុសផុល បានបង្ហាញឱ្យឃើញពីការរួមសាមគ្គីជាធ្លុងមួយយ៉ាងល្អប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និយាយជារួម និងនិយាយដោយឡែក គឺគាំទ្រដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដឹកនាំ ក្រសួងបរិស្ថាននាពេលបច្ចុប្បន្ន ដែលកំពុងបំផុសស្មារតីសាធារណជនឱ្យស្រឡាញ់បរិស្ថាន ថែររក្សាភពផែនដី ភាពស្អាតរបស់កម្ពុជា ភាពស្រស់បំព្រងសម្រាប់ការរស់នៅ ក៏ដូចជាការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងការការពារនិងអភិរក្សធនធានធម្មជាតិ ដែលអាចទទួលបានជាអនុផលជាស្បៀង ជាជម្រករស់នៅរបស់មនុស្ស សត្វ ជីវៈចម្រុះគ្រប់ប្រភេទ ផ្តល់ជាខ្យល់អាកាសបរិសុទ្ធ សុខភាពល្អទាំងអស់គ្នា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈចំណូលពីទេសចរណ៍ធម្មជាតិ៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...