ក្រសួងសុខាភិបាល រៀបចំស្តង់ប្រចាំការ និងរថយន្តគិលានុសង្រ្គោះ ៦ទីតាំង និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជិះកង់ចល័តមានប្រអប់ជួយសង្រ្គោះ ក្នុងព្រឹត្តិការណ៍អង្គរវគ្គពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩ នៅខេត្ដសៀមរាប

Posted By: RoogRog Robot | 30-Nov-2024 16:34:24

2024-11-30 11:31pm

(សៀមរាប)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំស្តង់ប្រចាំការ និងរថយន្តគិលានុសង្រ្គោះនៅតាមបណ្តោយផ្លូវ ចំនួន ៦ទីតាំង និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជិះកង់ចល័តមានប្រអប់ជួយសង្រ្គោះ (first AID) និងក្រុមយុវជនស័្មគ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលមានចំណេះដឹងក្នុងការជួយសង្គ្រោះបឋម​ ឈរចំងាយ ៣០០ម៉ែត​/ម្នាក់ ក្នុងការការពារ និងជួយសង្រ្គោះដល់កីឡាករ ក្នុងព្រឹត្តិការណ៍អង្គរវគ្គពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩ នៅខេត្ដសៀមរាបស្អែកនេះ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសចុះពិនិត្យស្ថានីយ៍បណ្តុះបណ្តាលសង្រ្គោះបឋម និងស្តង់ប្រចាំការសម្រាប់ត្រៀមជួយសង្រ្គោះដល់កីឡាករ រត់ពាក់កណ្តាលម៉ារ៉ាតុង និងចូលរួមរត់ផងដែរ ក្នុងព្រឹត្តិការណ៍អង្គរវគ្គពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ក៏បានបង្ហាញជូននូវឧបករណ៍ឆក់បេះដូងទំនើប ស្វ័យប្រវត្តិ សម្រាប់សង្រ្គោះកីឡាករ បើមានបញ្ហាសុខភាពនោះ រួមទាំងរថយន្តគិលានសង្រ្គោះក្នុងការបញ្ជូនបន្ត។ លើសពីនោះលោកសាស្ដ្រាចារ្យ <<បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយត្រូវបរិភោគអាហារមានសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ ពិសាបន្លែផ្លែឈើឲ្យច្រើន និងចៀងវាងការពិសារគ្រឿងស្រវឹង ព្រមទាំងចូលរួមលំហាត់ប្រាណ។ ដូច្នេះកីឡារត់ម៉ារ៉ាតុងនាពេលនេះ ដែលជាការធ្វើលំហាត់ប្រាណសម្រាប់សុខភាពផងដែរ>>។

ក្នុងព្រឹត្ដិការណ៍រត់ម៉ារ៉ាតុងខាងលើនេះ ក៏មានក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពី សាកលវិទ្យាល័យអង្គរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និង GLOBAL DOCTORS ដើម្បីត្រៀមក្នុងការផ្ដល់សេវាសុខាភិបាលបន្ថែមជូនដល់កីឡាករ ពេលមានបញ្ហាសុខភាពផ្សេងៗ។

ទន្ទឹមនឹងនោះាាលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលនឹងបង្កើតបានជាអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រមួយ ព្រមទាំងត្រូវមានតាំងចិត្ត យកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះ និងស្វែងយល់ពីប្រព័ន្ធបញ្ជូន និងអន្តរាគមន៍៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...