រដ្ឋមន្ត្រីសុខាភិបាល និងគណៈប្រតិភូ បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល

Posted By: RoogRog Robot | 22-Oct-2024 19:28:28

2024-10-22 11:27pm

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីលោកសាស្ត្រាចារ្យ និងគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៥ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍វិញ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលនៃកិច្ចប្រជុំលើកទី៧៥ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ដោយកិច្ចប្រជុំសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច រៀបចំឡើងក្នុងគោលបំណងរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។

លើសពីនេះ កិច្ចប្រជុំបានពិភាក្សាស្វែងរកកាលានុវត្តភាព ដើម្បីដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរំលេចថា <<មានតែការឆ្លុះបញ្ចាំងរួមគ្នា ប៉ុណ្ណោះ ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់>>។ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈប្រហាក់ប្រហែលនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជាផងដែរ ហើយដែលកម្ពុជាបានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ថែមទៀតថា លោកបានបង្ហាញនូវជំហរកម្ពុជា រួមទាំងការគាំទ្ររបស់ក្រសួង ជូនដល់ប្រតិភូជំនាញសុខាភិបាល ដែលនៅបន្តចូលរួម និងធ្វើបទអន្តរាគមន៍ ទៅលើប្រធានបទសំខាន់ៗជាអាទិភាពមួយចំនួនដូចជា៖ ១៖ ការប្រែប្រួលអាកាសធាតុ២៖ ហិរញ្ញប្បទានសុខាភិបាល (Health Financing)៣៖ ការធ្វើឱ្យកាន់តែប្រសើរឡើងការថែទាំសុខភាពបឋម (Boosting Primary Health Care) ៤៖ ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ៥៖ សុខភាពមាត់ធ្មេញ (Oral Health)៦៖ សន្តិសុខ សុខភាព ដូចជាជំងឺឆ្លង និងជំងឺមិនឆ្លង៧៖ សុខាភិបាលឌីជីថល (Digital Health)។

គូសបញ្ជាក់ផងដែរ កិច្ចប្រជុំគណៈកម្មាធិការតំបន់លើកទី៧៥ របស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច បានចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាលរបស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោក ចំនួន៣៧ ប្រទេស និងដៃគូអភិវឌ្ឍន៍នានា៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...