បេះដូងរបស់កម្មវិធីសំណេរអង្គរ គឺជួយលើកស្ទួយអក្សរសាស្ត្រខ្មែរ (Video inside)

Posted By: RoogRog Robot | 18-Oct-2024 11:49:21

2024-10-18 11:45am

(ភ្នំពេញ)៖ បេះដូងរបស់កម្មវិធីសំណេរអង្គរ គឺចង់ជួយលើកស្ទួយអក្សរសាស្ត្រខ្មែរ ជួយលើកស្ទួយភាសាជាតិឱ្យមានការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសុក្រឹតបំផុតតាមដែលអាចធ្វើទៅបាន។

ថ្វីដ្បិតទើបតែធ្វើឡើងបានមួយលើកនៅឆ្នាំ២០២៣កន្លងទៅក៏ពិតមែន តែកម្មវិធីសំណេរអង្គរបានក្លាយជាចលនាសរសេរតាមអានប្រចាំឆ្នាំមួយនៅកម្ពុជា ខណៈក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន ប្រជាពលរដ្ឋទូទៅគាំទ្រឱ្យកម្មវិធីនេះបន្តមានរៀងរាល់ឆ្នាំ ដូច្នេះហើយទើបគណៈកម្មការបានឯកភាពរៀបចំកម្មវិធីសំណេរអង្គរលើកទី២ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ។

លោក លឹម ប៊ុនហុក ជាអ្នកផ្តួចផ្ដើមព្រឹត្តិការណ៍មួយរូបដែរ បានឱ្យដឹងថា លោកមិនចង់ឱ្យការប្រើប្រាស់អក្សរសាស្ត្រនិងភាសាខ្មែរធ្លាក់ចុះនោះទេ ពិសេសគឺក្នុងសម័យឌីជីថលបច្ចុប្បន្ន។

លោកថា <<យើងឃើញថា នៅតាមបណ្ដាញសង្គម បណ្ដាញអ៉ីនធឺណិត គឺមានការសរសេរខុសជាច្រើន អីចឹងហើយបានជាយើងរៀបចំកម្មវិធីបែបនេះឡើង (កម្មវិធីសំណេរអង្គរ) ដើម្បីជួយលើកស្ទួយភាសាយើងឱ្យមានការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសុក្រឹតបំផុតតាមដែលអាចធ្វើទៅបាន>>។

ជាអ្នកចូលចិត្តអក្សរសាស្ត្រមួយរូបផងនោះ លោក លឹម ប៊ុនហុក បានលើកពីដំណោះស្រាយមួយថា មុនសម្រេចសរសេរពាក្យអ្វីមួយ ប្រសិនបើមិនច្បាស់ សូមបើកមើលវចនានុក្រមសិន។ ប្រសិនបើយើងទម្លាប់បែបហ្នឹងបន្តិចម្ដងៗ នោះនឹងធ្វើឱ្យការប្រើប្រាស់ភាសារបស់យើងកាន់តែល្អ យើងជួយជ្រោមជ្រែងភាសាជាតិ យើងមានមោទនភាពខ្លួនឯងផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ ឬការប្រកួតសរសេរតាមអានថ្នាក់ជាតិជាលើកទី២ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...