ការវាយប្រហាររបស់អ៊ីស្រាអែល លើអគារលំនៅឋាននៅជាយទីក្រុងដាម៉ាសប្រទេសស៊ីរី សម្លាប់ជនស៊ីវិល ៧នាក់

Posted By: RoogRog Robot | 09-Oct-2024 23:33:59

2024-10-09 10:31pm

(ដាម៉ាស)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើអគារលំនៅឋានមួយ នៅជាយក្រុង Damascus ប្រទេសស៊ីរី បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៧នាក់ និងរបួស ១១នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

ប្រភពយោធា បានប្រាប់ SANA ថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង ដោយប្រើមីស៊ីលចំនួន ៣គ្រាប់ ដែលបាញ់ចេញពីតំបន់ Golan Heights។ ក្នុងចំណោមអ្នកស្លាប់ មានស្ត្រី និងកុមារ។ ការវាយប្រហារនេះ ក៏បានបំផ្លាញទ្រព្យសម្បត្តិឯកជន នៅក្នុងតំបន់ជុំវិញផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់គោលដៅមួយចំនួន នៅក្នុងតំបន់ជុំវិញទីក្រុងដាម៉ាស។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានវាយប្រហារគោលដៅនៅស៊ីរី ជាច្រើនឆ្នាំមកហើយ ដោយអះអាងថា គោលដៅទាំងនោះ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ការវាយប្រហារទាំងនេះ បានកើនឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើទឹកដីអ៊ីស្រាអែល កាលពីឆ្នាំមុន៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...