លោក បៃដិន អំពាវនាវឱ្យភាគីជម្លោះស៊ូដង់ ត្រលប់មកតុចរចាវិញ ដើម្បីបញ្ចប់សង្រ្គាមសម្លាប់មនុស្សជាង ១ម៉ឺននាក់

Posted By: RoogRog Robot | 18-Sep-2024 16:37:25

2024-09-18 04:35pm

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអំពាវនាវដល់ភាគីជម្លោះស៊ូដង់ ឱ្យត្រលប់មករៀបចំកិច្ចពិភាក្សាគ្នា ដើម្បីបញ្ចប់សង្រ្គាមដែលបន្តអស់រយៈពេល ១៧ខែមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។

លោក បៃដិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា <<យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យបញ្ចប់អំពើហិង្សា និងការដុតបញ្ឆេះជម្លោះ ដើម្បីអនាគតរបស់ប្រទេស និងប្រជាជនស៊ូដង់។ ខ្ញុំអំពាវនាវឱ្យក្រុមអ្នកប្រព្រឹត្តឱ្យមានទុក្ខវេទនានៅស៊ូដង់ ដូចជាកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា (RSF) ដកថយកម្លាំងរៀងៗខ្លួន សម្របសម្រួលដល់លំហូរជំនួយមនុស្សធម៌គ្មានការរារាំង ហើយចូលរួមការចរចាឡើងវិញ ដើម្បីបញ្ចប់សង្គ្រាម>>។ លោក បៃដិន បានឱ្យដឹងថា ការវាយប្រហាររបស់ទាហាន RSF បានប៉ះពាល់ដល់ជនស៉ីវិលស៊ូដង់ ដោយមិនសមហេតុផល ហើយអំពាវនាវដល់ខាងកងទ័ពជាតិ ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែកមិនរើសមុខ ដែលកំពុងបំផ្លាញជីវិតជនស៉ីវិល រួមទាំងហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមស៊ូដង់ផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ មនុស្សច្រើនជាង ១២,០០០នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេស។ តាមលោក បៃដិន សហរដ្ឋអាមេរិក នឹងវាយ​តម្លៃ​លើ​ការ​ចោទ​ប្រកាន់​អំពើ​ឃោរឃៅ​ និងដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...