(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (ស.ស.អ.ក) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី <<កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា>> និងសហការរៀបចំសិក្ខាសាលា ស្តីពី <<កាលានុវត្តភាពតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា>>។
កម្មវិធីចុះ MOU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងបង្កើតនូវកិច្ចសហការក្នុងការលើកកម្ពស់ ព្រមទាំងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា ដល់សមាជិករបស់ ស.ស.អ.ក ឱ្យមានលទ្ធភាពសមស្របក្នុងការរៀបចំខ្លួន ចូលរួមវិនិយោគ និងស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាពង្រឹងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្ម ប្រកបដោយតម្លាភាព និងទំនុកចិត្តនៅព្រះរាជាណាចក្រកម្ពុជា។
ផ្សារភ្ជាប់នឹងសិក្ខាសាលាអំពីឱកាសវិនិយោគ និងការស្វែងរកហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ ក៏មានការចែករំលែកបទពិសោធ ពីក្រុមហ៊ុនមូលបត្រ ដែលទទួលបានពានរង្វាន់ក្រុមហ៊ុនមូលបត្រឆ្នើម និងវិនិយោគិនលក់រាយអំពីបទពិសោធ នៃការជួញដូរក្នុងទីផ្សារមូលបត្រ និងការចែករំលែកបទពិសោធពីក្រុមហ៊ុនបោះផ្សាយ អំពីប្រភពហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ និងនិរន្តរភាពអាជីវកម្ម។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា៖ <<ទីផ្សារមូលបត្រ គឺប្រភពនៃឱកាស ដែលអនុញ្ញាត ឱ្យវិនិយោគិនធ្វើពិពិធកម្មវិនិយោគរបស់ខ្លួន ដោយប្រើដើមទុនតិច ឱកាសចំណេញខ្ពស់ និងងាយស្រួលក្នុងការចាប់ផ្តើម។ ជាមួយគ្នានេះ ទីផ្សារនេះ ក៏ជាប្រភពផ្តល់ទុនមិនចេះរីងស្ងួត ដែលជាកូនសោសម្រាប់ក្រុមហ៊ុន ដែលមានបំណងស្វែងរកដើមទុនបន្ថែម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដាផងដែរ>>។
ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា <<ស.ស.អ.ក មានសេចក្ដីសោមនស្សរីករាយ ក្នុងការទទួលបានឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ន.ម.ក ហើយ ស.ស.អ.ក ប្ដេជ្ញាលើកទឹកចិត្ត និងចូលរួមផ្សព្វផ្សាយដល់សមាជិក-សមាជិកានៃសហព័ន្ធ និងវិនិយោគិន បន្តសិក្សាស្វែងយល់ និងទទួលបានចំណេះដឹងពាក់ព័ន្ធ ជាពិសេសជំរុញការចាប់យកឱកាសវិនិយោគថ្មីៗ ក្នុងន័យរួមចំណែកអភិវឌ្ឍដល់វិស័យមូលបត្រនៅកម្ពុជា>>៕